ភ្នំពេញ៖ ក្រសួងសុខាភិបាល ចាប់ផ្តើមធ្វើការយកសំណាក មន្ត្រីក្រសួងមហាផ្ទៃប្រមាណជា១ពាន់នាក់ បុគ្គលិកធនាគារកាថេ និងធនាគារចិន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទៅធ្វើតេស្តរកមេរោគកូវីដ-១៩លើកទី៣ ដែលជាលើកចុងក្រោយនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅក្រសួងមហាផ្ទៃ។
ការធ្វើតេស្តរកមេរោគកូវីដ-១៩នេះដែរ ប្រព្រឹត្តិទៅរយៈពេល ១ថ្ងៃពេញ ចាប់ពីម៉ោង ៧ព្រឹកតទៅ នៅទីស្តីការក្រសួងមហាផ្ទៃ។នេះជាការលើកឡើង ពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល ប្រាប់ដល់មន្ត្រីក្រសួងមហាផ្ទៃ ត្រូវទៅធ្វើតេស្តចាប់ពីម៉ោង ៧ព្រឹក។ ចំណែកឯបុគ្គលិកធនាគារកាថេ និងធនាគារចិន ត្រូវទៅធ្វើតេស្តចាប់ពីម៉ោង ១០ព្រឹក ដើម្បីកុំឲ្យមានជាន់ម៉ោងគ្នាជាមួយមន្ត្រីក្រសួងមហាផ្ទៃ។ ក្រសួងសូមបញ្ជាក់ថា ទីតាំងតែមួយកន្លែងប៉ុណ្ណោះនៅក្រសួងមហាផ្ទៃ។
សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល ប្រកាសជូនព័ត៌មានឱ្យដឹងថា, មានអ្នកជំងឺកូវីដ-១៩ចំនួន១៧ រូប ត្រូវបានព្យាបាលជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីនោះឡើយ៕
ដោយ៖ សុខ ខេមរា