ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបអ្នកកាសែតកម្ពុជា សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៧

ចែករំលែក៖

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍រួម នៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៧។ 

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ( វ.អ.ក .ន ) ចាត់ទុកថា វិបត្តិកូវីដ-១៩ គឺជា វិញ្ញាសាដ៏សំខាន់មួយសម្រាប់វិស័យសារព័ត៌មាននៅទូទាំងពិភពលោកក៏ដូចជានៅក្នុង ប្រទេសកម្ពុជាដែលយើងត្រូវដកពិសោធន៍ និងត្រូវត្រៀមខ្លួនសម្រាប់ប្រឈមមុខ នៅពេលដែលវិបត្តិបែបនេះកើតមាននៅពេលក្រោយ ។ ក្នុងន័យនេះ និពន្ធនាយកសារព័ត៌មានទាំងអស់ដែលបានចូលរួមក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៧ ដែលមានចំនួន៥៦នាក់ មកពី៣១ស្ថាប័ន បានពិភាក្សានិងអនុម័តសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារដូចខាងក្រោម ៖

១- វ.ន.អ .ក . សូមកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មានស្ថាប័ន និងសមាគម សារព័ត៌មាន គ្រប់រូបដែលបានពុះពារគ្រប់ឧបសគ្គក្នុងការបំពេញការងាររបស់ខ្លួនបានយ៉ាងល្អ ក្នុងដំណាក់កាលកូវីដ-១៩ ដោយមិនខ្លាចការនឿយហត់ និងត្រូវលះបង់សុវត្ថិភាព ផ្ទាល់ខ្លួនក៏ដោយ។

២-វ.ន.អ.ក. យល់ឃើញថា ចាប់ពីពេលនេះតទៅអ្នកសារព័ត៌មាន ក៏ដូចជាម្ចាស់ស្ថាប័ន សារព័ត៌មាននីមួយៗត្រូវត្រៀមខ្លួនឲ្យបានល្អថែមមួយកម្រិតទៀត ដើម្បីប្រឈមមុខជាមួយ ហានិភ័យដែលអាចកើតមាន ទៀតនាពេលខាងមុខ។ ជាយថាហេតុជាពិសេសជំងឺឆ្លងសកលកាចសាហាវណាមួយផ្សេង។

៣- វ .ន .អ . ក. យល់ឃើញថា ទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ ក៏ សារព័ត៌មាននៅតែអាចដំណើរការបានដោយមិនរាំងស្ទះឡើយសូម្បីតែក្នុងកាលៈទេសៈដែលអ្នក សារព័ត៌មានមិនអាចចេញពីផ្ទះឬពីការិយាល័យបាន។ ដើម្បីបំពេញការងារពីផ្ទះឬការិយាល័យ បានអ្នកសារព័ត៌មានត្រូវមានឧបករណ៍ចាំបាច់សម្រាប់ធ្វើការទៅតាមប្រភេទសារព័ត៌មាន ដែលខ្លួនបម្រើការ ដូចជា កាសែត, វិទ្យុ ទូរទស្សន៍ ឬអនឡាញ។

៤-វ. ន .អ.ក. យល់ឃើញថា ចាប់ពីពេលនេះតទៅ អ្នកសារព័ត៌មាន និងម្ចាស់ស្ថាប័ន សារព័ត៌មាននីមួយៗគួរចាប់ផ្តើមជជែកពិភាក្សាគ្នាដើម្បីពិនិត្យមើលឡើងវិញនូវធនធានមនុស្ស និងធនធានសម្ភារចាំបាច់នានាដើម្បីធានាថា ស្ថាប័នរបស់ខ្លួននៅតែអាចដំណើរការបានទោះបីជា ស្ថិតក្នុងស្ថានភាពបិទប្រទេស (Lockdown) ក៏ដោយ។

៥- វ .ន .អ .ក . យល់ឃើញថា អ្នកសារព័ត៌មានត្រូវមានចំណេះដឹងគ្រប់គ្រាន់ផ្នែកបច្ចេក វិទ្យាឌីជីថល ដើម្បីអភិវឌ្ឍខ្លួនឱ្យទាន់យុគសម័យបដិវត្តន៍ឧស្សាហកម្ម  និងដើម្បីត្រៀម លក្ខណៈធ្វើការងារដោយខ្លួនឯងពីការិយាល័យ ឬពីផ្ទះក្នុងកាលៈទេសៈដែលមានជំងឺឆ្លងកាច សាហាវផង។ ដើម្បីទទួលបានចំណេះដឹងទាំងនេះ អ្នកសារព័ត៌មានត្រូវខិតខំដោយខ្លួនឯងនិងត្រូវការការគាំទ្រពីម្ចាស់ស្ថាប័ន។

៦- វ .ន.អ.ក. សូមអំពាវនាវដល់ម្ចាស់ស្ថាប័នសារព័ត៌មានទាំងអស់ ពិនិត្យមើលឡើង វិញអំពីការបណ្តុះបណ្តាលធនធានមនុស្សរបស់អង្គភាពសាមី និងបំពាក់គ្រឿងឧបករណ៍ សម្ភារ ចាំបាច់សម្រាប់អ្នកសារព័ត៌មាន ដើម្បីឱ្យពួកគេអាចបំពេញការងារពីចម្ងាយបានប្រកបដោយ ប្រសិទ្ធភាព។

៧- វ.ន.អ.ក.យល់ឃើញថា សារព័ត៌មានប្រពៃណីគួរតែប្រែក្លាយស្ថាប័នរបស់ខ្លួនឲ្យទៅជា ពហុសារព័ត៌មាន ដោយផ្អែកលើប្រព័ន្ធឌីជីថល និងបណ្តាញសង្គម ពោលគឺមិនអាចពឹងតែលើ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីតែមួយមុខដូចមុនបានឡើយ។

៨- វ .ន .អ .ក. យល់ឃើញថា ក្នុងកាលៈទេសៈដែលប្រទេសជាតិជួបវិបត្តិជំងឺឆ្លងសកល កាចសាហាវ សារព័ត៌មានរឹតតែមានតួនាទីសំខាន់កាន់តែខ្លាំងឡើងក្នុងការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីការវិវត្តនៃជំងឺ វិធីការពារខ្លួន និងសារអប់រំផ្សេងៗទៀតដែលក្រសួងសុខាភិបាល រាជរដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក ដាក់ចេញសំដៅទប់ស្កាត់ការរាលដាលជំងឺឆ្លងនេះ។

៩- វ. ន.អ. ក យល់ឃើញថា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិមានវិបត្តិជំងឺឆ្លង សកលកាចសាហាវ សារព័ត៌មានក៏មានតួនាទីសំខាន់មួយទៀតក្នុងការបង្ហាញផ្លូវដល់ពលរដ្ឋអំពី មុខរបរ និងការងារ ដែលពួកគេអាចធ្វើបានដើម្បីដោះស្រាយជីវភាពពេលបាត់បង់ការងារស្នូល ដែលខ្លួនធ្លាប់ធ្វើ ឬបាត់បង់ចំណូលដែលធ្លាប់មាន។

១០- វ.ន .អ .ក . យល់ឃើញថា ទោះជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏អ្នក សារព័ត៌មានត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបន្ថយដៃឡើយពីព្រោះវាជាតម្លៃ និងជា ជំនឿរបស់មហាជនដែលមិនអាចបោះបង់បានក្នុងគ្រប់កាលៈទេសៈ។

១១- វ .ន . អ. ក . យល់ឃើញថា ការចូលរួមបន្សាបព័ត៌មានក្លែងក្លាយតាមរយៈការផ្តល់ព័ត៌ មានពិតដល់ប្រជាពលរដ្ឋឲ្យបានលឿនរហ័សគឺជាតួនាទីមិនអាចខ្វះបានរបស់ស្ថាប័នព័ត៌មាន អាជីពក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាដែលមានវិបត្តិជំងឺឆ្លងសកលកាចសាហាវ ឬពេល មានហានិភ័យផ្សេងៗទៀតដែលងាយធ្វើឱ្យពលរដ្ឋទទួលរងគ្រោះ ផ្សេងៗទៀតមានតួនាទីសំខាន់ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់អ្នក សារព័ត៌មាន។

១២- វ.ន.អ.ក យល់ឃើញថាក្លិបអ្នកកាសែតកម្ពុជាក៏ដូចជាសហគមសារព័ត៌មានផ្សេងទៀតមានតួនាទីសំខាន់ក្នុងការចូលរួមចំណែកបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន។

១៣- វ .ន.អ.ក. សូមអំពាវនាវដល់ក្រុមហ៊ុនផ្តល់សេវាអឺនធឺណិត បង្កើនការទទួលខុសត្រូវ ចំពោះការផ្តល់សេវាអ៊ីនធឺណែតដែលមានគុណភាពល្អ លឿន ទូលំទូលាយ និងមានតម្លៃសមរម្យ មិនរអាក់រអួល ដើម្បីធានាថាការងាររបស់អ្នកសារព័ត៌មានមិនត្រូវបានរាំងស្ទះដោយសារតែបញ្ហា អឺនធឺណិត។

១៤- វ .ន .អ.ក . សូមអំពាវនាវដល់អាជ្ញាធររដ្ឋគ្រប់លំដាប់ថ្នាក់ ផ្តល់កិច្ចសហការល្អដល់ អ្នកសារព័ត៌មានដោយគោរពឱ្យបានខ្ជាប់ខ្ជួនសេរីភាពសារព័ត៌មាន ទោះក្នុងស្ថានភាពណាក៏ ដោយដើម្បីអនុញ្ញាតឱ្យអ្នកសារព័ត៌មានអាចបំពេញការងារបានដោយងាយស្រួល និងទទួលបាន ព័ត៌មានច្បាស់លាស់និងទាន់ពេលវេលាដើម្បីផ្សព្វផ្សាយ។

១៥- វ.ន.អ.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល បានចេញសារអបអរសាទរដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាជារៀងរាល់ឆ្នាំ។ វ.ន.អ.ក. សូមគាំទ្រពេញទំហឹងចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការគាំពារ និងលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖