ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានឃាតកហើយដល់ខេត្តស្វាយរៀង ! ករណីប្អូនប្រុសបង្កើតបាញ់សម្លាប់បងដល់ផ្ទះកាលពីម្សិលមិញនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល មុននេះបន្តិចនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានថ្លៃងប្រាប់អង្គភាព នគរដ្រេហ្គន ឲ្យដឹងថា, ជនសង្ស័យជាឃាតក ដែលបានបាញ់សម្លាប់បងរបស់ខ្លួនដល់ផ្ទះនៅ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្ដាល សហការជាមួយសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនបានហើយ បន្ទាប់ពីតាមប្រមាញ់តាំងពីម្សិលមិញមកនោះ។
សូមបញ្ជាក់ថាសមត្ថកិច្ចនគរបាលខេត្ត និងក្រុងតាខ្មៅ បានស្វែងរកចាប់ខ្លួនប្អូនប្រុសបង្កើត ណាត់បងបង្កើត មកបាញ់សម្លាប់ដល់ផ្ទះ ដោយយកចិត្តទុកដាក់បំផុត។ ក្នុងនោះលោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា, សមត្ថកិច្ចជំនាញរបស់លោក កំពុងតាមប្រមាញ់ ក្រោយពីជនសង្ស័យជាឃាតកធ្វើសកម្មភាពរួច ហើយលោកចាត់ទុកថាបទឧក្រិដ្ឋនេះ មិនអាចគេចផុតពីការប្រមាញ់របស់លោកឡើយ។ ទីបំផុតគឺឃាត់ខ្លួនឃាតកបានមែនរហូតដល់ខេត្តស្វាយរៀង។

ហេតុការណ៍បាញ់សម្លាប់មនុស្សនេះ បានកើតឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៧និង១០នាទីព្រឹក នៅចំណុចផ្ទះជនសង្ស័យភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើយោងតាមផេក របស់អគ្គស្នងការរដ្ឋាននគរបាលជាតិបានបញ្ជាក់ថា, លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងថា ៖ ជនរងគ្រោះជាបងបង្កើតឈ្មោះ ឆាយ សៀមមី ភេទប្រុស អាយុជាង៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស ខេត្តកំពង់ចាម។

ជនសង្ស័យត្រូវជាប្អូនបង្កើត ឈ្មោះ ឆាយ សាលាភ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុងភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ (គេចខ្លួន) (ជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកscoopy ពណ៌ក្រហម ស្លាក លេខ ភ្នំពេញ …..9941 ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា, វត្ថុតាងចាប់យក ៖ អាវុធខ្លី១ដើមម៉ាក Lock 98 លេខ ៖ 00080409236 បង់01 គ្រាប់ចំនួន 10 របស់ជនសង្ស័យ មានប្រភពមិនច្បាស់)។

លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សប្រើប្រាស់ គ្រឿងញៀន ហើយតែងតែ ឈ្លោះគ្នាជាមួយប្រពន្ធ រកស៊ីលក់ផលិតផលតាមអនឡាញ ។ លុះមកដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០ វេលា ម៉ោង៤រសៀល ជនសង្ស័យបានឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួនទៀត ពេលនោះ ជនរងគ្រោះ បានចូលទៅជួយសម្រប សម្រួល ឲ្យឈប់ឈ្លោះគ្នា តែពេលនោះជនសង្ស័យបែរជាខឹងថា ជនរងគ្រោះចេះដឹងរឿងប្តីប្រពន្ធរបស់គេចង់បំបែកបាក់ ប្តីប្រពន្ធ គេ ។ លុះមកដល់វេលាម៉ោង០៤ទៀបភ្លឺ នាថ្ងៃកើតហេតុខាងលើជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះពីខេត្តកំពង់ចាម ឲ្យឡើង មកជួបនៅផ្ទះរបស់ខ្លួន នៅភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីនិយាយគ្នាបន្តិច។

ពេលនោះជនរងគ្រោះ បានជិះម៉ូតូឡើងមកជួបជនសង្ស័យតាមការណាត់ តែនៅពេលមកដល់មិនទាន់បាននិយាយអ្វីផង ក៏ត្រូវ ជនសង្ស័យដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ជនរងគ្រោះត្រូវចំក្រោមក្លៀក ខាងស្តាំធ្លាយគ្រាប់ទៅក្រោយមានរបួសយ៉ាងធ្ងន់ ហើយ ជនសង្ស័យបាន រកបាញ់ ឪពុកក្មេក តែមិនផ្ទុះ និងប្រតាយប្រតប់គ្នា ជ្រុះកាំភ្លើងត្រូវឪពុកក្មេកយកបាន ជនសង្ស័យបានគេចរួច ឡើងជិះម៉ូតូ scoopy ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 9941 ជិះឡើងមក តាខ្មៅ គេចខ្លួនសំដៅ មក ភ្នំពេញ ។

ករណីនេះសមត្ថកិច្ចនគរបាល ខេត្ត និង ក្រុងតាខ្មៅកំពុងស្វែងរក ជនសង្ស័យ ដើម្បីបន្តចាត់ការតាមនីតិវិធី។ ទីបំផុត, ! ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ឈានដល់ឃាត់ខ្លួនជនសង្ស័យជាឃាតកបាននៅខេត្តស្វាយរៀង។
មន្ត្រីតុលាការបានបង្ហើបអោយដឹងហើយថា ជនសង្ស័យជាឃាតកដែលបានបាញ់សម្លាប់បងរបស់ខ្លួនបង្កើតនេះ កន្លងទៅជាប់ពាក់ព័ន្ធនឹងបទល្មើស ករណីហិង្សាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធខុសច្បាប់។ ប៉ុន្តែឃុំខ្លួនបានត្រឹមតែ ២១ថ្ងៃតុលាការក៏ធ្វើការដោះលែង ចុងក្រោយបុគ្គលរូបនេះ បានបន្តនិទណ្ឌភាពនៃការប្រព្រឹត្តបទល្មើសឧក្រិដ្ឋ គឺបាញ់សម្លាប់បងប្រុសរបស់ខ្លួនដល់ផ្ទះ ។
ដូច្នេះស្ថាប័នតុលាការ គួរពិចារណា ធ្វើការថ្លឹងថ្លែង ត្រិះរិះ មុននឹងធ្វើការដោះលែងជនត្រូវចោទ ជៀសវាងការធ្វើសកម្មភាព នៅតែបន្តកើតមានក្នុងសង្គម៕

ដោយ៖សុខ ខេមរា


ចែករំលែក៖