ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកណ្តាល អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ (L. CDI) នៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ (L. CDI) ស្ថិតនៅភូមិស្លាបតាអោន ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក គង់ សោភ័ណ្ឌ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនលោក លោកស្រីថ្នាក់ដឹកនាំវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ដោយក្តីនឹករឭកក្រៃលែង។ ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែមានការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលជាជនទីទ័លក្រ និងជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយនានា ដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយឡើយ។

លោកក៏បានផ្ដាំផ្ញើដល់លោក លោកស្រី ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ និងត្រូវប្រកាន់ខ្ជាប់នូវអនាម័យ៣ប្រការគឺ៖ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយត្រូវឧស្សាហ៍លាងសំអាតដៃនឹងសាប៊ូ ឬទឹកអាល់កុល ដើម្បីចូលរួមការពារការឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើង សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទៅ ដោយបារម្ភគិតគូរខ្លាចពលរដ្ឋមានជួបនូវបញ្ហាផ្នែកជីវភាពរស់នៅ ឬជំងឺឈឺស្កាត់ផ្សេងៗ ។

អំណោយដែលបានផ្តល់ជូនវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ (L. CDI) មាន ៖ អង្ករចំនួន ២តោន មី៦០កេស ត្រីខកំប៉ុង ៣០០កំប៉ុង ទឹកត្រី ២០យួរ ទឹកស៊ីវ ២០យួរ សាប៊ូ ១៤៤ដុំ ទឹកបរិសុទ្ធ ២០ដបធំ (៤០០លីត្រ) អាល់កុល ៣០លីត្រ ម៉ាស់ ៥០០បន្ទះ ប្រេងឆា ១២ដប និងថវិកាមួយចំនួនជូនអង្គការ សិស្សានុសិស្សទីទាល់ក្រ និងលោកគ្រូ អ្នកគ្រូ ចំនួន០៩នាក់ផងដែរ៕

ដោយ៖សិលា


ចែករំលែក៖