ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តចំនួន៧ ជាប់ព្រំដែនថៃ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា១ខេត្ត ៥០លានរៀលដើម្បីទប់ស្កាត់កូវីដ ហើយបញ្ជាឱ្យពង្រឹងចត្តាឡីស័ក១៤ថ្ងៃ ដល់ពលករដែលត្រឡប់មកវិញ ក្រោយផ្ទុះកូវីដជាង៥០០ករណីនៅខេត្តរបស់ថៃ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា,សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។  សម្ដេចបានរឹកបន្តឹងបែបនេះបន្ទាប់ពីនៅប្រទេសថៃ មានករណីឆ្លងកូវីដ-១៩ ទៅលើប្រជាពលរដ្ឋថៃជាច្រើននាក់។ 

រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានថ្លែងឱ្យដឹងទៀតថា, ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង។  ពាក់ព័ន្ធនឹងការពង្រឹងវិធានការតាមបណ្តាខេត្តជាប់ព្រំដែនថៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកា៥០លានរៀល ក្នុង១ខេត្តផងដែរ ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ពីប្រទេសថៃ។ 

លោកស្រី យក់ សម្បត្តិ បានបន្តទៀតថា តាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន, រាល់ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ ពេលនេះត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេញពេលចូលមកកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអភិបាលខេត្តទាំង៧ ដែលនៅជាប់ព្រំដែនថៃ រឹតបន្តឹង និងពង្រឹងការធ្វើចត្តាឡីស័កឱ្យបាន រយៈពេល១៤ថ្ងៃ ទាំងពលករខ្មែរទៅធ្វើការនៅប្រទេសថៃ និងត្រឡប់មកវិញ ដើម្បីទប់ស្កាត់ការចម្លងកូវីដ-១៩ ហើយការធ្វើចត្តាឡីស័កនេះ ត្រូវធ្វើឡើងនៅព្រំដែនតែម្តង។

សូមបញ្ជាក់ថា, នាថ្ងៃទី១៩ និងទី២០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទទួល បានព័ត៌មានតាមរយៈការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ និងការដាស់តឿនឲ្យប្រុង ប្រយ័ត្នរបស់ក្រសួងសុខាភិបាលថៃសម្រាប់មន្ទីរពេទ្យនៅទីក្រុងបាងកក ស្តីពីការ ផ្ទុះឡើងនូវការឆ្លង រាលដាលនៃវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន (Samut Sakhon province of Thailand) នៃប្រទេស ថៃ រហូតដល់ជាង ៥០០នាក់ហើយដែលបានឆ្លង ដែលភាគច្រើនជាប្រជាជនភូមាដែលបានបម្លាស់ទី មកធ្វើការនៅក្នុងខេត្តនោះ រហូតដល់បច្ចុប្បន្ននេះ មានការប្រកាសឲ្យបិទខេត្តនេះ ពីម៉ោង២២:00នាទី យប់ ដល់ម៉ោង ០៥:០០នាទីភ្លឺ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។

ដោយសារខេត្តសាមុតសាខននៃប្រទេសថៃនេះ មានចម្ងាយមកប្រទេសកម្ពុជាប្រហែលជា ៣០០ គីឡូម៉ែត្រ និងមានខេត្តដែលមានច្រកចេញចូលជាមួយប្រទេសថៃ ដូចជាខេត្តកោះកុង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ជាដើមនោះ និងដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ចូលមកក្នុង ព្រះរាជណាចក្រកម្ពុជាជាយថាហេតុ ដោយសារការចល័តរបស់បុគ្គល ឬរបស់អ្នកដំណើរដែលមាន ផ្ទុកនូវវីរុសកូវីដ-១៩ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវនិងណែនាំដូចតទៅ៖

១. សូមបណ្តាខេត្តនៅតាមបណ្តោយព្រំដែនជាប់ប្រទេសថៃ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការ ត្រួតពិនិត្យរាល់អ្នកដំណើរដែលចូលមកកម្ពុជា ដោយត្រូវឆែកសុខភាព ឲ្យបានហ្មត់ចត់ជាទីបំផុត ជាពិសេសត្រូវវាស់កំដៅ បំពេញទម្រង់ប្រកាសសុខភាពអ្នកដំណើរឲ្យបានត្រឹមត្រូវជាទីបំផុត។ 

២. រាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ជាចាំបាច់។

 ៣. ត្រូវយកវត្ថុសំណាកអ្នកដំណើរ បញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃដែលបុគ្គលមកដល់ច្រកចូលប្រទេសកម្ពុជា។

 ៤. ត្រូវរៀបចំទីកន្លែងឲ្យមានគម្លាតសុវត្ថិភាពពីបុគ្គលម្នាក់ទៅម្នាក់ឲ្យបានពីមួយម៉ែត្រកន្លះឡើង នៅ កន្លែងវាស់កំដៅ កន្លែងបំពេញបែបបទចូលមកកម្ពុជា ឬកន្លែងរងចាំយកវត្ថុសំណាក ជាដើម។

៥. អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចូលរួមនៅក្នុងការត្រួតពិនិត្យការធ្វើចត្តាឡីស័កអ្នកដំណើរចូលមកកម្ពុជានេះ ឲ្យបានត្រឹមត្រូវ ចៀសវាងការរបូតចេញពីទីកន្លែងធ្វើចត្តាឡីស័កដោយយថាហេតុណាមួយដែលយើង មិនបានដឹង។

៦. សម្រាប់បងប្អូននៅតាមសហគមន៍ សូមចូលរួមផ្តល់ព័ត៌មានដល់អាជ្ញាធរភូមិ -ឃុំ ប្រសិនបើមានជន ចំណូលថ្មី ចូលមកសហគមន៍របស់ខ្លួន ហើយមិនបានធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃទេនោះ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍របស់បងប្អូន ដែលអាចមានជាយថាហេតុ។ 

៧. ត្រូវរាយការណ៍ជាបន្ទាន់នូវរាល់ករណីសង្ស័យមានការឆ្លងវីរុសកូវីដ-១៩ ទៅអាជ្ញាធរសុខាភិបាល ឬអាជ្ញាធរនៅមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការស្រាវជ្រាវបានទាន់ពេលវេលា។ ប្រសិនបើមានបញ្ហាណា មួយពាក់ព័ន្ធនឹងការចម្លងវីរុសកូវីដ -១៩ នេះ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិ បាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ , ០១២ ៤៨៨ ៩៨១, និង ០១២ ៨៣៦ ៨៦៨៕

ដោយ៖សិលា


ចែករំលែក៖