ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម Man United បំបាក់ Leeds United ៦-២ ខណៈ Leicester និង Aston Villa ធ្វើបានល្អក្រៅទឹកដី

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United បានបង្ហាញទម្រង់លេងល្អឡើងវិញ ក្រោយពីបានបំបាក់ក្រុមភ្ញៀវ Leeds United ក្នុងលទ្ធផល៦ទល់២ ក្នុងការប្រកួតសប្តាហ៍ទី១២របស់ខ្លួន។ ចំណែកក្រុមភ្ញៀវ២ក្រុមធ្វើបានល្អនៅក្រៅទឹកដីរបស់ខ្លួន ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះរៀងៗខ្លួនគឺក្រុម Leicester City បានយកឈ្នះក្រុមខ្លាំង Tottanham ២ទល់០ និងក្រុម Aston Villa បានយកឈ្នះក្រុមម្ចាស់ផ្ទះ West Brom ៣ទល់០។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២១ ធ្នូ ២០២០នេះ។

ការប្រកួតតង់ទី១របស់ក្រុមម្ចាស់បិសាចក្រហម Man United ធ្វើបានល្អដោយបាននាំមុខក្រុម Leeds United ៤គ្រាប់រកបានដោយកីឡាករ McTominay ២គ្រាប់ នៅនាទីទី២ និងនាទីទី៤និង២គ្រាប់ទៀតដោយកីឡាករ Bruno Fernandes នៅនាទីទី២០និងកីឡាករv.Lindelofនៅនាទីទី៣៧។ ចំណែកក្រុម Leeds United រកបាន១គ្រាប់សងវិញដោយកីឡាករ Cooper នៅនាទីទី៤១ចប់តង់ទី១ក្រុមMan Unitedនាំមុខក្រុមភ្ញៀវLeeds United ៤ទល់១។

ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបិសាចក្រហមបានព្យាយាមសម្រុកបន្តទៀតរហូតរកបាន២គ្រាប់បន្ថែមទៀតដោយកីឡាករ James នៅនាទីទី៦៦ និង១គ្រាប់ទៀតរកបានដោយកីឡាករ Bruno Fernandes នាទីទី៧០ ដោយបាល់ប៉េណាល់ទី១១ម៉ែត្រ។ ចំណែកក្រុមភ្ញៀវរកបាន១គ្រាប់សងវិញដោយកីឡាករ Dallas នៅនាទីទី៧៣ ធ្វើឲ្យចប់ការប្រកួតបិសាចក្រហម Man United យកឈ្នះ Leeds United ក្នុងលទ្ធផល ៦ទល់២ ដែលធ្វើឲ្យក្រុមបិសាចក្រហមឡើងឈរចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្ន។

ចំណែកក្រុមម្ចាស់ផ្ទះ Tottanham បានចាញ់ក្រុមភ្ញៀវចចកកំណាច Leicester City ក្នុងលទ្ធផល២ទល់០។ ២គ្រាប់របស់ក្រុមភ្ញៀវ Leicester City រកបានដោយកីឡាករ Vardy នៅនាទីទី៤៥+១ ដោយការស៊ុតបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ និងគ្រាប់ទី២គឺជាការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករខ្សែការពារ Alderweireld របស់ក្រុម Tottanham។ លទ្ធផលនេះធ្វើឲ្យក្រុម Tottanham ធ្លាក់ទៅឈរលេខ៤បណ្តោះអាសន្នវិញ រីឯក្រុម Leicester City បានឡើងទៅឈរលេខ២បណ្តោះអាសន្នវិញក្នុងតារាងលីគកំពូលអង់គ្លេស។

ដោយឡែកក្រុម Aston Villa បានយកឈ្នះក្រុមម្ចាស់ផ្ទះ West Bromក្នុងលទ្ធផល៣ទល់០ ដែល៣គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ El Ghazi ២គ្រាប់គឺនៅនាទីទី៥ និងនាទីទី៨៨ ដោយប៉ាល់ពិន័យ១១ម៉ែត្រ និង១គ្រាប់ទៀតរកបានដោយកីឡាករ Traoré នៅនាទីទី៨៤។ លទ្ធផលនេះធ្វើឲ្យក្រុម Aston Villa ទទួលបាន៣ពិន្ទុឡើងឈរលេខ៩មាន២២ពិន្ទុ ខណៈដែលក្រុម West Brom បន្តឈរលេខ១៩ក្នុងតំបន់កាត់ចោលមានតែ៧ប៉ុណ្ណោះក្នុង១៤ប្រកួតកន្លងទៅ។

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍បន្តទៀតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូខាងមុខ ដោយ Leicester City ប៉ះក្រុម Manchester United, Aston Villa ប៉ះ Crystal Palace ខណៈ Arsenal ប៉ះ Chelsea និង Manchester City ប៉ះ Newcastle Unite ជាដើម ៕

ដោយ៖ភារៈ


ចែករំលែក៖