ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៧និង០០នាទីអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់ដឹកនាំជំនាញរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំក្រុមអន្តរាគមន៍បង្ការបង្ក្រាប រួមជាមួយកម្លាំងការិយាល័យជំនាញ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងដោយខុសច្បាប់ចំនួន០២ទីតាំងនៅក្នុងសង្កាត់អូរចារនិងសង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបង ។
ក្នុងនោះទីតាំងទី០១ មានការជួបជុំគ្នា(ភ្នាល់កីឡាប្រដាល់)តាមទូរទស្សន៍ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទីតាំងទី០២មានការប្រមូលគ្នាលេងល្បែងស៊ីសង(ចាក់អាប៉ោង)នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំដោយធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពបន្តទៀតចំពោះអ្នក(ភ្នាល់ប្រដាល់)តាមទូរទស្សន៍ រីឯអ្នកភ្នាល់អាប៉ោងចំនួន០៦នាក់បាននាំមកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ រីឯវត្ថុតាងដែលដកហូតបានរួមមាន៖
-កម្រាលកៅស៊ូសម្រាប់ចាក់អាប៉ោងចំនួន ០១
-គម្របផ្តិលសម្រាប់គ្របចានអាប៉ោង ចំនួន ០១
-ចានសម្រាប់បាញ់អាប៉ោងចំនួន ០១
-គ្រាប់អាប៉ោងចំនួន០១
-ចានជ័រដាក់ដីខ្សាច់សម្រាប់ទ្រចានអាប៉ោងចំនួន ០១
សូមជម្រាបជូនថា ករណីល្បែងស៊ីសងនៅតាមមូលដ្ឋានបើទោះបីជាសមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយ អប់រំណែនាំតាមរយៈរូបភាពនិងមធ្យោបាយជាច្រើនយ៉ាងណាក្តី តែអ្នកញៀនល្បែងតែងតែលួចលាក់ប្រព្រឹត្ត នូវសកម្មភាពល្មើសនេះជាបន្តបន្ទាប់ ។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តែងតែដាក់វិធានការដល់គ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុកនិងការិយាល័យជំនាញ ត្រូវតែចាត់វិធានការ អប់រំណែនាំឬចាត់វិធានការបង្ក្រាប ដោយមិនអនុគ្រោះទេចំពោះករណីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលញៀននឹងល្បែងស៊ីសងត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពល្មេីសច្បាប់ព្រោះករណីមិនរាងចាលទេនោះគឺត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីវិនិច្ឆ័យទោសទៅតាមច្បាប់៕
ដោយ៖ ចន្ទ លីហ្សា