ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញសេចក្តីណែនាំ ចំនួន៣ចំនុចពីវិធានការការពារការចម្លងបន្ត ពីការផ្ទុះការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន នៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្តីណែនាំ ស្តីពី វិធានការការពារការចម្លងបន្តពីការ ផ្ទុះការឆ្លងវីរុស កូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ

យោងតាមសេចក្តីណែនាំបន្ទាន់របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការ ការពារការចម្លងបន្តពីការ ផ្ទុះនូវការចម្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន នៃប្រទេសថៃ ក្នុងពេល ថ្មីៗនេះ។ ដើម្បីការពារការចម្លងបន្តពីការ ផ្ទុះឡើងនូវវីរុសកូវីដ-១៩ ដែលបានកើតឡើងខាងលើនេះ នាំ ចូលមកព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការណែនាំដល់នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ជាពិសេសច្រកទ្វារនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដូចតទៅ៖

១-ត្រូវបន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យ ជាពិសេស ដំណើរចូលរបស់ភ្ញៀវបរទេស និងពលរដ្ឋខ្មែរដែលចូលមកពីប្រទេសថៃឱ្យបានហ្មត់ចត់ដោយតម្រូវឱ្យ ពួកគាត់ធ្វើការធ្វើចត្តាឡីស័កត្រឹមត្រូវតាមការកំណត់។ 

២-យកចិត្តទុកដាក់គ្រប់គ្រង និងល្បាតត្រួតពិនិត្យស្លាបឆ្វេង ស្លាបស្តាំ ក្នុងដែនសមត្ថកិច្ចច្រកទ្វារឱ្យបានច្បាស់លាស់ និងត្រូវឃាត់អ្នកដំណើរចូល ជាពិសេសពលរដ្ឋខ្មែរដែលចូលពីប្រទេសថៃ ដើម្បី យកមកប្រគល់ឱ្យមន្ត្រីភ្នាក់ងារសុខាភិបាលធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ឱ្យបានហ្មត់ចត់។

៣-ត្រូវយកចិត្តទុកដាក់ធ្វើការណែនាំ ក្រើនរំលឹកដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលប្រចាំ ការនៅច្រកទ្វារឲ្យយកចិត្តទុកដាក់រក្សាគម្លាតបុគ្គល រក្សាអនាម័យលាងដៃនឹងសាប៊ូ អាល់កុល ឬជែល និង ប្រុងប្រយ័ត្នការឆ្លងពីអ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជា។

ទទួលបានសេចក្តីណែនាំនេះ សូមលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ៖ សិលា


ចែករំលែក៖