ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ នៅច្រកអន្តរជាតិដូង ខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា ថៃ ក្រុមការងារសុខាភិបាលខេត្តបាត់ដំបង បាននឹងកំពុងធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ លើពលករខ្មែរ ចំនួន១៧ នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ តាមការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា  គិតត្រឹមម៉ោង១១ ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០នេះនៅច្រកអន្តរជាតិដូង ខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា ថៃ ក្រុមការងារសុខាភិបាលខេត្តបាត់ដំបង បាននិងកំពុងធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ លើពលករខ្មែរ ចំនួន១៧ នាក់ (ក្នុងនោះ មនុស្សចាស់ ១៥នាក់ និងក្មេងចំនួន ២នាក់)។

លោកប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា  ប្រជាពលរដ្ឋដែលមកធ្វើតេស្តយកសំណាកនេះ ភាគច្រើនមកពីខេត្តច័ន្ទបូរី ជាប់ខេត្តបាត់ដំបង ប្រទេសថៃតែម្តង  គឺមិនមានករណីបងប្អូនពលករធ្វើដំណើរមកពីខេត្ត សាមុតសាខន នោះទេ។

សូមបញ្ជាក់ថា, ច្រកព្រំដែនជាច្រើននៅជាប់ប្រទេសថៃ ត្រូវបានសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យអាជ្ញាធរ សមត្ថកិច្ច កងកម្លាំងនៅទីនោះ បង្រួញឲ្យនៅត្រឹមចំនួន ៣ច្រកតែប៉ុណ្ណោះ គឺច្រកអូរស្មាច់នៅខេត្តឧត្តរមានជ័យ ច្រកប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ ហ្នឹងច្រកដូង នៅខេត្តបាត់ដំបង។

សម្ដេចបានថ្លែងឲ្យបង្រួញច្រកនៅត្រឹមតែ ៣ ជាប់នេះ ក្នុងគោលបំណងនៅស្រួលឲ្យសមត្ថកិច្ច អាជ្ញាធរ នគរបាលអន្តោប្រវេសន៍ មន្ត្រីសុខាភិបាល ក្នុងការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ទាំងការយកសំណាក ការធ្វើចត្តាឡីស័ក។ ដោយសម្ដេចបានកំណត់ឱ្យ អនុវត្តតាមកំឡុងខែមេសា ឆ្នាំ២០២០ កន្លងទៅ ធ្វើបានល្អប្រសើរ លើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩៕

ដោយ៖ សិលា


ចែករំលែក៖