ព័ត៌មានទាន់ហេតុការណ៍៖

តៃវ៉ាន់ កាន់តែបង្ហាញឥទ្ធិពលខ្លួន ខណៈនាវា​ចិន​ បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ខ្លួនបានបញ្ជូន​កងទ័ពជើងទឹក និង​កម្លាំង​ទ័ពអាកាស​​ឃ្លាំមើល​សកម្មភាព​​ភ្លាម

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីនាវាចិន បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលតៃវ៉ាន់ បានបញ្ជូនកងទ័ពជើងទឹក និងកម្លាំងទ័ពអាកាសរបស់ខ្លួនទៅឃ្លាំមើលសកម្មភាពរបស់នាវាចិន ក្រោយនាវាចម្បាំងអាមេរិកបានបើកកាត់ច្រកសមុទ្រនេះដែរ

ប៉ុន្តែជាការឆ្លើយតបទៅវិញភ្លាមៗ ទាក់ទងការឆ្លងកាត់ច្រកសមុទ្រខណ្ឌចែកដីគោក និងកោះតៃវ៉ាន់ កងទ័ពជើងទឹកចិន បាននិយាយនៅថ្ងៃទី២១ ខែធ្នូនេះថា៖ ការឆ្លងកាត់របស់នាវាចម្បាំង និងនាវាដឹកយន្តហោះចម្បាំងរបស់ខ្លួន គ្រាន់តែជាការធ្វើដំណើរឆ្ពោះទៅធ្វើសមយុទ្ធនៅក្នុងសមុទ្រចិនខាងត្បូងប៉ុណ្ណោះ កងទ័ពជើងទឹកចិន អះអាងបន្ថែមថា សមយុទ្ធនេះ គឺផ្អែកលើគម្រោងសមយុទ្ធប្រចាំឆ្នាំ ហើយនៅពេលអនាគត ចិននឹងរៀបចំ សមយុទ្ធស្រដៀងនេះឡើងទៀត ដោយផ្អែកលើតម្រូវការហ្វឹកហាត់

សូមជម្រាបថា នៅថ្ងៃទី១៩ ខែធ្នូថ្មីៗនេះ នាវាពិឃាដបំពាក់មីស៊ីប្រដេញអាមេរិក USS Mustin បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលអាមេរិកចាត់ទុកជាទម្លាប់ដោយផ្អែកទៅតាមច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រសេរី និងបើកចំហនៅក្នុងតំបន់ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ចំណែកការបើកកាត់ច្រកសមុទ្រតៃវ៉ាក់ជាលើកទី១២ក្នុងឆ្នាំ២០២០ ពីភាគីអាមេរិកនេះ ត្រូវបានចិន ឃ្លាំមើលយ៉ាងខ្លាំង ព្រោះវាធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យ និងសន្តិសុខរបស់ខ្លួន

ដោយឡែកនៅថ្ងៃបន្ទាប់ កងទ័ពចិនក៏បានបញ្ជូននាវាដឹកយន្តហោះចម្បាំងផលិតក្នុងស្រុក សានតុង ដែលដាក់ឲ្យប្រតិបត្តិជាងឆ្នាំមុន រួមទាំងនាវាចម្បាំងចំនួន គ្រឿងបន្ថែមទៀត បើកពីកំពង់ផែក្រុងតាលៀន ដែលស្ថិតនៅភាគខាងជើងនៃប្រទេស ឆ្ពោះមកច្រកសមុទ្រតៃវ៉ាន់និងបន្តទៅភាគខាងត្បូង រីឯតៃវ៉ាន់វិញ ដោយសំអាងលើសន្តិសុខ និងការពារដែនដីរបស់ខ្លួន បានបញ្ជាឲ្យនាវាចម្បាំងចំនួន គ្រឿង និងយន្តហោះចម្បាំងចំនួន គ្រឿង ឃ្លាំមើល និងតាមដានសកម្មភាព ចល័តរបស់នាវាចិន ដែលបានប្រតិបត្តិនៅក្នុងច្រកសមុទ្រតៃវ៉ាន់

ទាក់ទិននឹងបញ្ហានេះដែរ ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២០ ខែធ្នូ ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters​ថា៖«​ដោយមានការគាំទ្រពីប្រជាជន កងទ័ពតៃវ៉ាន់ មានទំនុកចិត្ត និងសមត្ថភាពធ្វើជាឆ្មាំការពារ​, ធានាសន្តិសុខជាតិ និងការពារស្ថិរភាព និងសន្តិសុខក្នុងតំបន់​»​

គួរបញ្ជាក់ថា ភាពតានតឹងរវាងរដ្ឋាភិបាលប៉េកាំង និងទីក្រុងតៃប៉ិ មួយរយៈចុងក្រោយនេះ បានកើនឡើងយ៉ាងខ្លាំង ដោយសារការបង្កើនទំនាក់ទំនងដ៏ជិតស្និទ្ធរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ ព្រោះកន្លងទៅអាមេរិក បានផ្តល់ភ្លើងបៃតងក្នុងលក់អាវុធឲ្យតៃវ៉ាន់ និងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ទៅតៃវ៉ាន់ជាបន្តបន្ទាប់ដោយ៖ស តារា


ចែករំលែក៖