ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ធុជ ៖ គោលដៅរបស់រាជរដ្ឋាភិបាលគឺ​ការ​ផ្តល់​សុខដុមរមនា​ និង​សុភមង្គល​ដល់​សង្គម​ជាតិ

ចែករំលែក៖

ខេត្តស្វាយរៀង៖​ ​លោកលី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋានស្រុករំដួលបានអញ្ជើញជាអធិបតីក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២០​ និងលេីក​ទិសដៅ​២០២១​របស់​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រំដួល​នាព្រឹក​ថ្ងៃទី​២​១​ ខែ​ធ្នូ​ ឆ្នាំ​២០២០នៅសាលប្រជុំសាលាស្រុករំដួល។

ក្នុងឱកាសនោះ មាន​ការ​អញ្ជើញ​ចូលរួមពីសំណាក់លោករស់ ផារិទ្ធ អភិបាលរងខេត្ត លោកប្រធានអនុប្រធាន​​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​តាម​ឃុំ​ទាំង​១០​  តំណាង​មន្ទីរ​អង្គភាពជុំ​វិញ​ខេត្ត​ ​ក្រុម​ប្រឹក្សា​ស្រុក​រំដួល​ គណៈអភិបាល​ស្រុក​ កងកម្លំាង​ប្រដាប់​អាវុធ​ស្រុក​ តំណាង​ការិយាល័យ​ជុំ​វិញ​ស្រុក ក្រុម​ប្រឹក្សា​ឃុំ​ និង​ស្មៀន​ឃុំ​ ជាច្រើនរូបផងដែរ។

លោកលី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋានស្រុករំដួលបានមានប្រសាសន៍ថា ក្នុង​នាម​លោក​ស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ លោកសូមអបអរសាទរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​លទ្ធផល​ទទួល​បាន​​របស់​ក្រុម​ការងារ​ទទួល​បន្ទុក​តាម​ឃុំ​ទាំង​១០​​ ព្រម​ទាំង​បាន​ជំរុញក្រុម​ការងារ​ទាំងអស់​ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ដោះ​ស្រាយ​រាល់​សំណូម​ពរ​និង​កង្វល់​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ដោយ​សហការ​ជាមួយរដ្ឋបាល​ខេត្ត​ ​មន្ទីរ​អង្គភាព​ជុំ​វិញ​ខេត្ត​ និង​រដ្ឋ​បាល​ស្រុក​រំដួល​ ជាពិសេស​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្កេីនការ​​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេល​វេលា​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ តែងតែកោត​សរសើរ​ និង​​​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការងារ​​ដែល​បាន​យក​ចិត្ត​ទុកដាក់​និង​ចុះ​មូលដ្ឋាន​ផ្ទាល់​និង​ជា​ប្រចាំ​ ដេីម្បី​ចូលរួម​ដោះស្រាយ​កង្វល់​ សំណើ​ និង​សំណូម​ពរ​របស់​អាជ្ញាធរ​មូលដ្ឋាន​ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ តាមរយៈ​យន្តការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​គោលដៅ​ផ្តល់​នូវសុខដុមរមនា​ និង​​សុភមង្គល​ដល់​សង្គម​ជាតិ​ និង​ប្រជាពលរដ្ឋ​ទាំង​មូល​។

ជាមួយ​គ្នានេះ​ លោកបានជំរុញញឲ្យមន្ទីរអង្គភាពពាក់ព័ន្ធបន្ត​ឆ្លើយ​តប​ បំភ្លឺ​​ និង​ដោះ​ស្រាយ​រាល់​កង្វល់​និង​សំណូម​ពរ​របស់​ប្រជាពលរដ្ឋឱ្យបាន​សមស្រប​​​ ដោយ​បាន​ស្នើ​ឲ្យ​មន្ទីរ​អង្គភាព​យក​សំណើ​សុំ​ទាំង​នោះ​ដាក់​បញ្ចូល​ក្នុង​ផែន​ការ​អាទិភាព​របស់​ខ្លួន​។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២០​ ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រំដួល​បាន​រៀបចំ​វេទិកា​សាធារណៈ​ចំនួន​ ៦១​លេីក​ និង​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​ ១៦០០​នាក់ផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖