ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងពលតូចថ្មើរជើងលេខ៥១ ចុះជួយជួសជុលផ្ទះ ជូនអតីតយុទ្ធជនធ្លាប់បម្រើការងារក្នុងអង្គភាពវរសេនាតូចថ្មើរជើង៥១៤ ជាអំណោយ លោក ហ៊ុន ម៉ាណែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងនាំយកអំណោយស័ង្កសីរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ចុះជួយជួសជុលធ្វើផ្ទះជូនអតីតយុទ្ធជនធ្លាប់បម្រើការងារក្នុងអង្គភាពវរសេនាតូចថ្មើរជើង៥១៤ កងពលតូចថ្មើរជើងលេខ៥១ ជួបការលំបាក ចំនួន១ខ្នង រស់នៅភូមិប្រដាក ឃុំជប់វ៉រី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកងទ័ពជើងគោក យោធភូមិភាគទី៥ ចំពោះអតីតយុទ្ធជនធ្លាប់មានគុណបំណាច់ លះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ ក៏ដូចជាការខិតខំបំពេញភារៈកិច្ចក្នុងអង្គភាពកន្លងមក អង្គភាពក៏តែងតែបានយកចិត្តទុកដាក់ទំនុកបម្រុងដល់បងប្អូនវិញដែរ បើទោះបីជាបងប្អូនអតីតយុទ្ធជនបានចូលនិវត្តន៍ទៅហើយក្តី។ ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលជានិច្ចកាល លោក និងលោកស្រី តែងតែយកចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលជួបការលំបាក តាមរយៈ លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១គ្រប់ពេលវេលារហូតមក៕

ដោយ៖សិលា

 


ចែករំលែក៖