ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានម៉ូតូថ្មីសន្លាងចំនួន២គ្រឿង និងកុំព្យូទ័រចំនួន១គ្រឿងពីក្រសួងបរិស្ថាន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ លោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងចំណេះដឹងបរិស្ថាន នៃក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូអាគុយ និងកុំព្យូទ័រ ជូនដល់មន្ត្រីនៃការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន តាមបណ្តាមន្ទីរបរិស្ថានរាជធានី-ខេត្ត ក្នុងនោះមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានម៉ូតូចំនួន២គ្រឿង និងកុំព្យូទ័រចំនួន១គ្រឿង។

លោក ជួប ប៉ារីស៍ បានលើកឡើងថា ការចែកជូនម៉ូតូអាគុយ និងកុំព្យូទ័រ នៅពេលនេះ គឺដើម្បីជួយសម្រួលដល់ការបំពេញការងាររបស់មន្ត្រីនៃការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ លោកអគ្គនាយក បានគូសបញ្ជាក់ទៀតថា កិច្ចការងាររបស់ការិយាល័យចំណេះដឹង និងបរិស្ថាន គឺសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយ និងបង្កើនចំណេះដឹងបរិស្ថាន ទៅដល់សាធារណជនឲ្យបានយល់អំពីបរិស្ថាន និងផ្លាស់ប្តូរឥរិយាបថរបស់គាត់ឲ្យចូលរួមប្រតិបត្តិមេត្រីបរិស្ថាន។
ជាមួយគ្នានេះ លោក ជួប ប៉ារីស៍ ក៏បានចែករំលែកនូវបទពិសោធន៍ការងារ ក៏ដូចជាផ្តល់អនុសាសន៍មួយចំនួន ដល់មន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ដើម្បីអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរផងដែរ៕

ដោយ៖សូ រិយា


ចែករំលែក៖