អន្តរជាតិ៖ ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីរកឃើញករណីស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ-១៩ខ្ពស់បំផុតរបស់ខ្លួន កាលពីថ្ងៃទី ២១ ខែធ្នូជាមួយនឹងករណីឆ្លងប្រចាំថ្ងៃនៅតែខ្ពស់ដដែលនោះ។ រដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញ បានដាក់ចេញបម្រាមការជួបជុំមនុស្សចាប់ពី៥នាក់ឡើងទៀតអំឡុងពេលបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថាខណៈរដ្ឋាភិបាលកូរ៉េខាងត្បូង បានបដិសេធចេញបញ្ជាឲ្យបិទប្រទេសដូចដែលមាននៅតាមប្រទេសខ្លះ អាជ្ញាធរក្រុង សេអ៊ូល ខេត្ត Gyeonggi និងទីក្រុង Incheon បានសម្រេចដាក់ចេញបញ្ជាការរឹតបន្តឹងគួរឲ្យភ្ញាក់ផ្អើលមួយលើការជួបជុំចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣ ខែមករា។
ជាមួយគ្នានេះ អភិបាលស្ដីទីរដ្ឋធានីសេអ៊ូល លោក Seo Jung-hyup នៅក្នុងសន្និសីទព័ត៌មានមួយ បានគូសបញ្ជាក់ថា៖«យើងពុំអាចយកជ័យជម្នះវិបត្តិបច្ចុប្បន្ននេះបានឡើយ បើគ្មានការកាត់បន្ថយករណីឆ្លងជាចង្កោមដែលផ្ទុះរាលរាលតាមរយៈការជួបជុំលក្ខណៈឯកជនជាមួយក្រុមគ្រួសារមិត្តភក្តិ និងមិត្តរួមការងារ»។ បន្ថែមពីនេះ លោក Seo Jung-hyup បានសង្កត់ធ្ងន់ថា នេះជាឱកាសចុងក្រោយដើម្បីបំបែកការឆ្លងរាលដាលនេះ។
បច្ចុប្បន្ន ការជួបជុំគ្នាចាប់ពី៩នាក់ឡើងទៅ ត្រូវហាមឃាត់ក្នុងទីក្រុងសេអ៊ូលរួចហើយ។ ខណៈបម្រាមលើការប្រមូលផ្ដុំគ្នានេះ ត្រូវអនុវត្តទាំងក្នុងផ្ទះ និងទីសាធារណៈ លើកលែងតែពិធីបុណ្យសព និងរៀបការប៉ុណ្ណោះ។
សូមជម្រាបថា បើគិតត្រឹមថ្ងៃទី២១ ខែធ្នូ កូរ៉េខាងត្បូង មានអ្នកស្លាប់ដោយសារកូវីដ-១៩សរុប ៦៩៨នាក់ហើយ ក្រោយរកឃើញអ្នកស្លាប់ថ្មី២៤នាក់។ នេះជាចំនួនករណីស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតរបស់ប្រទេសនេះ។ ទន្ទឹមនេះ កូរ៉េខាងត្បូង បានរាយការណ៍ករណីឆ្លងជាង១០០០ករណី៥ថ្ងៃជាប់គ្នាក្នុងពេល១សប្ដាហ៍ចុងក្រោយ ដោយទើបតែធ្លាក់ក្រោម១០០០ករណី នៅថ្ងៃទី២០ ខែធ្នូប៉ុណ្ណោះ។
គួរបញ្ជាក់ថា ទីក្រុងទាំងពីរនេះ និងបូកទាំងខេត្តមួយផងនោះ មានប្រជាជនរស់នៅសរុបជិតពាក់កណ្ដាលនៃប្រជាជនសរុបទាំង៥១លាននាក់របស់កូរ៉េខាងត្បូង។ ក្នុងទីក្រុង សេអ៊ូល ទីតាំងកម្សាន្ត និងភោជនីយដ្ឋាន ជាមុខសញ្ញាធំនៃការឆ្លងកូវីដ-១៩ ជាចង្កោម។ តួយ៉ាងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ប៉ូលីសក្រុងសេអ៊ូល បានចុះឆែកឆេរទីតាំងកម្សាន្តមួយចំនួន ហើយចាប់បានជនសង្ស័យល្មើសវិធានការគម្លាតសុវត្ថិភាពរហូតដល់ ៣៥នាក់៕ដោយ៖ស តារា