ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិក គឺAmerican Airlines និង United Airlines បានប្រកាសថាក្រុមហ៊ុនកំពុងតែកោះហៅបុគ្គលិកដែលផ្អាកការងារបណ្តោះអាសន្នវិលត្រឡប់មកធ្វើការវិញ ក្រោយពេលអាមេរិកចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋ ។
នៅថ្ងៃទី២១ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរខាងលើ បានសម្រេចកោះហៅបុគ្គលិកឱ្យវិលត្រឡប់មកធ្វើការវិញជាបណ្តើរៗ ដោយសារតែតម្រូវការធ្វើដំណើរមិនទាន់ដូចដើមវិញនៅឡើយទេ។
ប្រធានក្រុមហ៊ុនអាកាសចរណ៍United Airlines – លោកBrett Hart និងអគ្គនាយក (CEO) លោកScott Kirby បានប្រកាសថា មកទល់ពេលនេះ មិនទាន់មានចំនួនអ្នកទិញសំបុត្រធ្វើដំណើរច្រើននៅឡើយទេដោយសារតែស្ថិតនៅក្នុងដំណាក់កាលនៃការឆ្លងកូវីដ-១៩ ។
នៅពេលនេះដែរកញ្ចប់ជំនួយ ទៅលើក្រុមហ៊ុនអាកាសចរណ៍ត្រូវបានអនុម័ត មានតម្លៃ១៥ពាន់លានដុល្លារអាមេរិក ។ កញ្ចប់ជំនួយនោះ ក្រុមហ៊ុននឹងបើកប្រាក់ខែដល់បុគ្គលិក៣០ភាគរយ ។ ក្រៅពីនេះ កម្មវិធីផ្តល់ជំនួយក៏បានស្នើឲ្យបើកការហោះហើរឡើងវិញជាបណ្តើរៗ ក្រោយពីមានកញ្ចប់ជំនួយ។
ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ American Airlines និង United Airlines បានឲ្យបុគ្គលិកជាង៣២ពាន់នាក់ត្រូវឈប់សម្រាកបណ្តោះអាសន្នចាប់ពីខែតុលា ដោយសារតែកញ្ចប់ជំនួយដំបូង មានរយៈពេល៦ខែ មានទឹកប្រាក់២៥ពាន់លានដុល្លារផុតកំណត់។
ក្រោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាទ្រង់ទ្រាយធំនៅអាមេរិក បណ្តាក្រុមហ៊ុនអាកាសចរណ៍ នឹងចាប់ផ្តើមដំណើរការឡើងវិញក្នុងពេលឆាប់ៗ។ តាមការព្យាករប្រសិនបើនៅដើមឆ្នាំ២០២១ មានចំនួនអ្នកឆ្លងកូវីដ-១៩ធ្លាក់ចុះ អ្នកដំណើរនឹងកើនឡើងខ្ពស់៕ដោយ៖ធី រីណា