ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា ដំឡើងឋានៈ ជាអនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាម សេចក្តីសម្រេច ចុះហត្ថលេខាដោយ សម្តេច សាយ ឈុំ អនុប្រធាន គណបក្សប្រជាជនកម្ពុជា ដែលអង្គភាព នគរដ្រេហ្គន ទទួលបាន នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ គឺ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានគណបក្សប្រជាជនកម្ពុជា ដំឡើងឋានៈជា អនុប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល។ 

 ការតែងតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមុនការតែងតាំងនេះ លោកមានតួនាទីជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាសមាជិកគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលផងដែរ។

គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នាបច្ចុប្បន្ននេះ ដឹកនាំដោយ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន។

នេះបើតាមបញ្ជាក់ពី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកសារព័ត៌មាន។

លោកអះអាងថា ការដំឡើងឋានៈនេះ គឺបន្ថែមលើមុខងារបច្ចុប្បន្នរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត។ គណៈចលនាមហាជន មានតួនាទីសំខាន់ ក្នុងការឃោសនាផ្សព្វផ្សាយ អំពីគោលនយោបាយ ដែលធ្វើយ៉ាងណាឱ្យមហាជនមានការយល់ដឹង ជឿជាក់ និងដើរតាមការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រកាសតែងតាំងជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជាផ្លូវការ កាលពីទី១៣ ខែមិថុនា ឆ្នាំ២០២០។ ការតែងតាំងនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់យុវជននានា នៅក្នុងគណបក្សប្រជាជនកម្ពុជាផងដែរ។

សូមរំលឹកថា, តាមរយៈលោក ហ៊ុន ម៉ាណែត ឃើញថាក្រុមយុវជន គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស បានចូលរួមបរិច្ចាគថវិកា ជូនដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕

ដោយ៖សិលា


ចែករំលែក៖