ព័ត៌មានទាន់ហេតុការណ៍៖

បេសកកម្ម​ស៊ើបអង្កេត​របស់​WHO ទៅកាន់​ចិន​ ដើម្បី​រក​ប្រភព​ជំងឺ​កូ​វីដ​-១៩ មិនមែន​ដើម្បី​រក​កំហុស​របស់​ប្រទេស​ណា​ឡើយ​

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីសមាជិកម្នាក់នៃក្រុមការងារ WHO  បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បេសកកម្មស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក (WHO) ទៅកាន់ចិនដើម្បីរកប្រភពជំងឺកូវីដ​-១៩ នឹងពិនិត្យលើគ្រប់ច្រកល្ហកទាំងអស់ដើម្បីស្វែងយល់ពីជំងឺនេះសមាជិករូបនេះបន្ថែមទៀតថា ប៉ុន្តែបេសកកម្មនេះ មិនមែនដើម្បីរកកំហុសរបស់ប្រទេសណាឡើយ

លោក Fabian Leendertz សមាជិកម្នាក់នៃបេសកកម្មខាងលើបានបញ្ជាក់ទៀតថា ការស៊ើបអង្កេតនេះមិនមែនស្វែងរកប្រទេស អាជ្ញាធរដែលធ្វើខុសនោះទេ បេសកកម្មនេះមានបំណងក្នុងការស្វែងយល់ពីអ្វីដែលបានកើតឡើង និងដើម្បីបង្ការហេតុការណ៍បែបនេះនាពេលអនាគត តាមរយៈការកាត់បន្ថយគ្រោះថ្នាក់ លោក Leendertz ជាអ្នកជំនាញជំងឺឆ្លងមកពីវិទ្យាស្ថាន Robert Koch ដែលជាភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងរបស់អាល្លឺម៉ង់

សូមជម្រាបថា កាលពីថ្ងៃទី១៧ ធ្នូ ថ្មីៗនេះ WHO បានប្រកាសថា ក្រុមអ្នកជំនាញមានសមាជិក១០នាក់ នឹងធ្វើដំណើរទៅកាន់ទឹកដីចិនរយៈពេលទៅសប្តាហ៍ ដើម្បីពិនិត្យភស្តុតាង ដែលរួមមានសំណាកតេស្តរបស់មនុស្ស និងសត្វដែលប្រមូលដោយអ្នកស្រាវជ្រាវចិន ក្នុងគោលដៅរកប្រភពជំងឺកូវីដ​-១៩

អ្នកជំនាញរូបនេះ បានអះអាងបន្តទៀតថា បេសកកម្មនឹងចាប់ផ្តើមនៅក្រុងវូហាន ទីដែលជំងឺផ្ទុះឡើង ព្រោះមានទិន្ន័យបឋមច្បាស់លាស់ហើយក្រុមការងារនឹងតាមដានរាល់តម្រុយទាំងអស់ដែលមាន លោកបន្ថែមថាទោះជាការស៊ើបអង្កេតធ្វើឡើងមួយឆ្នាំក្រោយការផ្ទុះនៃជំងឺនេះក្តី ក៏ក្រុមការងារមានលទ្ធភាពក្នុងការរកព័ត៌មានដដែល តែលោកទទួលស្គាល់ថាការស៊ើបអង្កេតភ្លាមៗក្រោយការផ្ទុះឡើង ជារឿងប្រសើរបំផុត

យ៉ាងណាមិញ អ្នកជំនាញរូបនេះប្រាប់ឲ្យសាធារណៈជន កុំទាន់រំពឹងទទួលបានលទ្ធផលគ្រប់គ្រាន់ពីការស៊ើបអង្កេតនេះ ជាមួយគ្នានេះលោកបង្ហាញសង្ឃឹមថា បេសកកម្មនឹងត្រឡប់មកពីចិនដោយមានផែនការច្បាស់លាស់ក្នុងការស៊ើបអង្កេតដំណាក់កាលពី បន្តទឿដោយស្វែងរកព្រឹត្តិការណ៍ដែលវីរុសចាប់ផ្តើមឆ្លងពីសត្វទៅមនុស្ស

ជាក់ស្តែងអំឡុងពេលបំពេញបេសកកម្ម ក្រុមអ្នកជំនាញមកពីប្រទេសផ្សេងគ្នា នឹងពិនិត្យសំណាកមនុស្សដែលរក្សាដោយអាជ្ញាធរចិនក៏ដូចជាសំណាកឈាម ដើម្បីពិនិត្យថា តើមនុស្សបានប៉ះពាល់វីរុសនេះ មុនពេលការប្រកាសពីការឆ្លងដោយអាជ្ញាធរចិននៅខែធ្នូ ឆ្នាំ២០១៩យ៉ាងណា​? ចំណែកផ្សារទិញលក់សត្វព្រៃ Huanan ក្នុងទីក្រុងវូហាន ក៏ស្ថិតក្នុងគោលដៅស៊ើបអង្កេតដែរ

គួរបញ្ជាក់ដែរថា ចំពោះអ្នកវិទ្យាសាស្ត្រជាច្រើនជឿថា ប្រជៀវ ជាសត្វដែលផ្ទុកវីរុសនៃជំងឺកូវីដ​-១៩ ប៉ុន្តែពួកគេពុំដឹងថាសត្វអ្វីដែលឆ្លងវីរុសនេះពីប្រជៀវនិងចម្លងមកមនុស្សឡើយ វីរុសឆ្លងដោយផ្ទាល់ទៅមនុស្សឡើយបន្ទាប់ពីការស៊ើបអង្កេតខាងលើនេះ អាចនឹងត្រូវការរយៈពេលខ្លះ ហើយក្រុមការងារមួយផ្នែកធំ ក៏នឹងត្រូវជំនួយពីអ្នកជំនាញចិនដែរ ដើម្បីធានាពីតម្លាភាពសម្រាប់ពិភពលោកទាំងមូលដោយ៖ស តារា


ចែករំលែក៖