ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់របួសធ្ងន់និងស្រាល​ក្រោយពីជិះម៉ូតូបុកគ្នាពេញទំហឹងនៅផ្លូវចំការដូង

ចែករំលែក៖

ភ្នំពេញ​ ៖​ ម៉ូតូZOOMER-X មួយគ្រឿងបានបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល​ បង្កការភ្ញាក់ផ្អេីល
កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ (ផ្លូវចំការដូង)​ ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក zoomer-x ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DH-7588​ តែម្នាក់ឯងតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងទៅជើង​ ខណៈមកដល់ចំណុចកើតហេតុខាងមុខវិទ្យាល័យទួលអំពិលបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០០៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ តាកែវ​ 1A-6407 ជិះឌុបគ្នាធ្វើដំណើរបញ្ច្រសទិស​ រួចឆ្លងផ្លូវធ្វេីឱ្យយុវជនជិះម៉ូតូម៉ាក zoomer-x ចាប់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យរងរបួសទាំងសងខាងធ្ងន់និងស្រាល៣នាក់ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនម្លិះដង្កោដឹកយកទៅសង្គ្រោះភ្លាមៗ។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ​ ធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕​

ដោយ៖ភារ៉ាដង្ដោ


ចែករំលែក៖