អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ ទីភ្នាក់ងារសារព័ត៌មាន CNA បានចុះផ្សាយថា ក្រសួងសុខាភិបាលសិង្ហបុរី នៅយប់ថ្ងៃពុធទី២៣ ធ្នូ ម្សិលមិញនេះ បានប្រកាសទទួលស្គាល់ពីការរកឃើញ អ្នកផ្ទុកវីរុស COVID-19 ទម្រង់ថ្មីដំបូងបំផុត ដែលជាវីរុសកំពុងឆ្លងរាតត្បាតនៅក្នុងចក្រភពអង់គ្លេស។
បើតាមក្រសួងសុខាភិបាលសិង្ហបុរី បានបញ្ជាក់ថា វីរុស COVID-19 ទម្រង់ថ្មីនេះ ឬគេស្គាល់ថា B117 ត្រូវបានរកឃើញលើនារីម្នាក់ វ័យ១៧ឆ្នាំ ដែលបានទៅបន្តការសិក្សាក្នុងចក្រភពអង់គ្លេស ចាប់តាំងពីខែសីហា កន្លងទៅ។ខណៈដែលនារីរូបនេះបានត្រឡប់មកដល់សិង្ហបុរីវិញ កាលពីថ្ងៃទី០៦ ខែធ្នូឆ្នាំ២០២០ និងបានអនុវត្តវិធានការធ្វើចត្តាឡីស័ក ហើយរូបនាងមានអាការៈក្ដៅខ្លួន នៅថ្ងៃទី០៧ ខែធ្នូ ព្រមទាំងត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ទម្រង់ថ្មី នៅថ្ងៃទី០៨ ខែធ្នូ។ បច្ចុប្បន្នក្រសួងសុខាភិបាលសង្ហិបុរី ក៏កំពុងរង់ចាំលទ្ធផលចុងក្រោយនៃមនុស្ស ១១នាក់ផ្សេងទៀត ដែលត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ទម្រង់ថ្មីនេះដូចគ្នា ក្នុងការធ្វើតេស្ដបឋមផងដែរ។
ដោយឡែកបើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះសិង្ហបុរីមានអ្នកឆ្លង COVID-19 សរុប ៥៨,៤៨២នាក់ ក្នុងនោះស្លាប់២៩នាក់ និងជាសះស្បើយ ឡើងវិញ ៥៨,៣២២នាក់។
គួរបញ្ជាក់ថា បើតាមការបញ្ជាក់របស់សិង្ហបុរីខាងលើនេះ បានកើតមានឡើងស្របពេលដែល ទម្រង់ថ្មីមួយផ្សេងទៀត (ទម្រង់ថ្មីទី២) នៃវីរុសកូរ៉ូណា(COVID-19) ត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស ដោយមានជាប់ពាក់ព័ន្ធនឹងអ្នកដំណើរពីរនាក់ មកពីប្រទេសអាហ្វ្រិកខាងត្បូង។ អាជ្ញាធរសុខាភិបាលអង់គ្លេស កំពុងបន្តតាមដានវីរុសទម្រង់ថ្មីទីពីរនេះ យ៉ាងល្អិតល្អន់បំផុត៕
ដោយ៖ស តារា