ព័ត៌មានទាន់ហេតុការណ៍៖

កងពលតូចថ្មើរជើងលេខ៥១ បានយកចិត្តទុកដាក់ការងារកសាងអង្គភាពជំរំជំរក ដើម្បីធានា ការស្នាក់នៅរបស់កងទ័ព

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ក្រៅពីការងារហ្វឹកហ្វឺនរៀនសូត្រ និងអនុវត្តភារកិច្ចស្នូល កងពលតូចថ្មើរជើងលេខ៥១ បានបន្តយកចិត្តទុកដាក់លើការងារ កសាងកងឯកភាព និងជំរំស្នាក់នៅ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងកងឯកភាព ក៏ដូចជាការជួយសម្រួលទីកន្លែងធ្វើការងារប្រចាំថ្ងៃ និងការស្នាក់នៅរបស់បងប្អូនកងទ័ពក្នុងការប្រមូលផ្តុំកម្លាំង ស្របតាមទិសដៅ ផែនការ របស់ថ្នាក់ដឹកនាំកងទ័ពជើងគោក និងយោធភូមិភាគទី៥ ដើម្បីធានាបាននូវកម្លាំងប្រយុទ្ធ និងដោះស្រាយយថាហេតុផ្សេងៗ ក្នុងភូមិសាស្រ្តឈរជើងរបស់កងពល ។ 

នៅក្នុងឆ្នាំ២០២០នេះ បានកសាងអគារស្នាក់នៅរបស់នាយទាហានចំនួន១ខ្នង ២ជាន់ ទំហំ៨ម x ៣២ម ស្មើ៥១២ម៉ែត្រការេ ដែលជាអំណោយដ៏ថ្លថ្លា របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កំពុងកសាង នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។ 

ក្នុងការងារកសាងនេះដែរ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី សឹង្ហ  ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានកសាងផ្ទះស្នាក់នៅមេបញ្ជាការរង នាយសេនាធិការកងពល ចំនួន១ខ្នង ទំហំ៦មx៩ម និងចាក់សាបនៅមុខទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ ទំហំ១២៦០ម៉ែត្រការ៉េ  ផងដែរ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ  ទុំ បានបញ្ជាក់ថា ក្នុងនាមមេបញ្ជាការកងពល ថ្នាក់ដឹកនាំ និងបណ្តាមេបញ្ជាការ វរសេនាតូច ចំណុះកងពលតូចថ្មើរជើងលេខ៥១ បានបន្តខិតខំពង្រឹងសម្ព័ន្ធមេត្រីភាព និងស្វែងរកជំនួយផ្សេងៗពីសប្បុរសជនគ្រប់មជ្ឍដ្ឋាន ដើម្បីបន្តការកសាងអគារជំរុំជំរក ស្នាក់នៅរបស់កងទ័ពឲ្យបានសមរម្យ និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីតាំងគ្រប់កងឯកភាពចំណុះកងពល៕

ដោយ៖សូ រិយា


ចែករំលែក៖