ខេត្តសៀមរាប ៖ «យុទ្ធនាការ ផ្ទះ១ អំពូល១»បានបញ្ចប់មួយភូមិទៀតហើយ! សុខចិត្តយឺតបន្តិច តែរក្សានិរន្តរភាពនៃគម្រោងជាប់ជានិច្ច ក្នុងបុព្វហេតុចូលរួមលើកកម្ពស់គុណភាពជីវិតនាពេលរាត្រីរបស់សហគមន៍នៅតាមទីជនបទ។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។
លោកអភិបាលស្រុកវ័យក្មេងបានថ្លែងថា, ចាប់ពីយប់នេះទៅ គ្រប់ផ្ទះទាំងអស់នៅក្នុងភូមិជ័យ នៃឃុំរុនតាឯក នឹងមានអំពូលសូឡាបំភ្លឺនៅមុខផ្ទះរៀងៗខ្លួនមួយយប់ទល់ភ្លឺពេញមួយភូមិតែម្តង ដែលនឹងជួយបង្កើនសុវត្ថិភាពនៅក្នុងភូមិ ក៏ដូចជាជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោកបានបន្តថា, ជួសមុខឱ្យអ្នកភូមិជ័យ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ហេរ៉ូមែន ដែលបានចូលរួមគាំទ្រដល់យុទ្ធនាការ ផ្ទះ១ អំពូល១ នៅក្នុងភូមិជ័យ។ បើទោះជាកាលៈទេសៈនេះមានផលប៉ះពាល់ខាងផ្នែកសដ្ឋកិច្ចពីជំងឺកូវីដ១៩ក៏ដោយ ក៏រដ្ឋបាលស្រុកបន្ទាយស្រីនៅតែបន្តទទួលបានការឧបត្ថម្ភគាំទ្រជាថវិកាពីសំណាក់សប្បុរសជននានា ដែលមើលឃើញពីគុណតម្លៃនៃយុទ្ធនាការនេះ និងផ្តល់ភាពជឿជាក់ ចង់ចូលរួមជាមួយរដ្ឋបាលស្រុក ដើម្បីបានជាប្រយោជន៍ដោយផ្ទាល់ទៅដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ។
ការចូលរួមបែបនេះហើយ ដែលបានអនុញ្ញាតឱ្យយុទ្ធនាការផ្ទះ១ អំពូល១ នៅតែអាចបន្តសកម្មភាពគម្រោងរបស់ខ្លួន ពីភូមិមួយទៅភូមិ បានជាង ៣០០០អំពូល រួចមកហើយរហូតមកដល់ពេលនេះ។ សង្ឃឹមថាក្នុងឆ្នាំ២០២១នេះ យើងនឹងអាចបញ្ចប់គោលដៅ “១០០០០អំពូល” ដើម្បីបំពាក់ជូនគ្រប់ផ្ទះទាំងអស់នៅក្នុងស្រុកបន្ទាយស្រីទាំងមូលបាន៕
ដោយ៖ សិលា