ខេត្តមណ្ឌលគិរី៖ រថយន្តមួយគ្រឿងដឹកគ្រឿងចក្រផងនោះអ្នកបើកបរខុសបច្ចេកទេស បុកលេខដាក់មិនចូលជាន់ហ្វ្រ័ងក៏មិនស៊ីក៏ក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលឱ្យមនុស្ស០៣នាក់រងរបួសស្រាល។
ហេតុការណ៍នោះបានកើតឡើងនៅវេលាទៀបភ្លឺ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នៅតាមបណ្តោយ ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ។
ប្រភពពីនគរបាលស្រុកអូរាំងបានឱ្យដឹងថា រថយន្ដដែលក្រឡាប់នោះផលិតនៅប្រទេសកូរ៉េ ចំណុះ ៣ តោន ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ៣c-៥៣៦៣ បើកបរដោយ ឈ្មោះ ឈឹម សំណាងភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងនោះអ្នករួមដំណើរជាមួយ ពីរនាក់ទី១.ឈ្មោះ យ៉ុន យ៉េង ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិ៣៥ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។
និងទី២.ឈ្មោះ ភឿន រ៉ាវី ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិខ្នាធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។
ហើយអ្នកទាំងបីនាក់នោះបានរងរបួសស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី។
ប្រភពថា មូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអ្នកបើកបរខុសបច្ចេកទេស បុកដាក់លេខមិនចូលជាន់ហ្វ្រ័ង ក៏មិនស៊ី និងមានដឹកគ្រឿងចក្រអាប៊ុល រុញដីមួយគ្រឿងផងនោះ ក៏ធ្លាក់ចេញពីផ្លូវ ក្រឡាប់ តែម្តង។
ក្រោយហេតុការណ៍ម្ចាស់រថយន្ត ក៏បានកំពុងស្វែងរករថយន្ត ដើម្បីអូសឡើងយកទៅជួសជុលផងដែរ៕
ដោយ៖ជីវ័ន្ត