ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ធ្វើណែនាំស្ដីពីការការពារ និងទប់ស្កាត់ជំងឺគាំងបេះដូង

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲចេញសេចកី្តណែនាំស្ដីពីការការពារ និងទប់ស្កាត់ជំងឺគាំងបេះដូង ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព ក៏ដូចជាការការពារ និងទប់ស្កាត់នូវហានិភ័យផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស ចែករំលែកប្រការគួរយល់ដឹងសំខាន់ៗមួយចំនួនអំពីជំងឺគាំងបេះដូងដូចខាងក្រោម៖

1-អ្វីទៅជាជំងឺគាំបេះដូង?

ជំងឺគាំងបេះដូង ជាជំងឺមួយប្រភេទដែលពិភពលោកទាំងមូលមានការយកចិត្តទុកដាក់ខ្លាំង ជំងឺគាំងបេះដូង អាចហៅម្យ៉ាងទៀតស្ទះសរសៃឈាមបេះដូងកើតឡើងទៅលើមនុស្សចាស់ ហើយក៏សង្កេតឃើញមានកើតឡើងលើមនុស្សមានវ័យក្មេងផងដែរ ជាពិសេសក្នុងរដូវរងា។

2-រោគសញ្ញានៃជំងឺគាំងបេះដូង

  ចុកទ្រូង

  ថប់ៗដង្ហើម ឬពិបាកដកដង្ហើម

  ក្អួតចង្អោរ ហាក់ដូចជាពុលចំណីអាហារ

  រោយកញ្ចឹងក ខ្នង និងថ្គាម

  ចុកដៃ ស្មា និងពោះ។

3-វិធីបង្ការជំងឺ

  កុំពិសារគ្រឿងស្រវឹង និងបារី លើសកំណត់

  បរិភោគអារហារឱ្យបានទៀតទាត់ និងបរិភោគអាហារដែលមានជីវជាតិចិញ្ចឹមសារពាង្គកាយគ្រប់គ្រាន់

  ធ្វើលំហាត់ប្រាណឱ្យបានទៀតទាត់ និងរក្សាទម្ងន់កុំឱ្យធាត់ពេក

  សម្រាកឱ្យបានគ្រប់គ្រាន់

  ត្រូវរក្សាបរិមាណជាតិស្ករ និងកូលេស្ដេរ៉ូល(សារធាតុខ្លាញ់នៅក្នុងឈាម) ឱ្យមានលំនឹង

  រក្សាសម្ពាធឈាមឱ្យឋិតនៅកម្រិតធម្មតា (ពី១២០ទៅ១២៩ ដែលគេនិយមហៅថាឈាមត្រឹម១២)

  ជៀសវាងធ្វើឱ្យមានអារម្មណ៍ធុញថប់ ឬស្រេ្តស និងត្រូវចេះគ្រប់គ្រងលើបញ្ហាទាំងនេះ

  ត្រូវត្រួតពិនិត្យសុខភាពឱ្យបានជាប្រចាំរៀងរាល់ ៦ខែម្ដង។

4-វិធីសង្រ្គោះបឋមសម្រាប់អ្នកជំងឺគាំងបេះដូង

  ត្រូវដាក់អ្នកជំងឺសម្រាកឱ្យបានស្រួល

  ត្រូវទាក់ទងទៅផ្នែកសង្រ្គោះបន្ទាន់(ហៅទូរស័ព្ទ) ១១៩

  ត្រូវបន្ធូរសម្លៀកបំពាក់កុំឱ្យតឹងពេកតាមដែលអាចធ្វើឱ្យអ្នកជំងឺពិបាកដកដង្ហើម

  ប្រើថ្នាំដែលអ្នកជម្ងឺប្រើជាប្រចាំបើសិនជាមាន

  ត្រូវសង្កត់ដើមទ្រូងរបស់អ្នកជំងឺ ដោយដាក់ប្រអប់ដៃនៅលើទ្រូង ហើយសង្កត់ចុះ (សង្កត់ទ្រូង១៥ដង និងត្រូវផ្លុំខ្យល់ចូលមាត់ ២ដង តាមរបៀបCPR) ហើយត្រូវបន្ដធ្វើរហូតដល់គ្រូពេទ្យសង្រ្គោះបន្ទាន់មកដល់។

អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានឯកអគ្គរាជទូតសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការថែរក្សាសុខភាព និងចូលរួមអនុវត្ត និងជួយផ្សព្វផ្សាយអំពីការថែទាំសុខភាពឱ្យបានទូលំទូលាយជាមួយនឹងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖