ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖  បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ខណៈជិះម៉ូតូដេីរលក់ត្រប៉ែហេីយជ្រុលទៅបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កពេញទំហឹង​ កាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅត្រងចំណុចផ្លូវកោងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឆាង ពឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ត្រប៉ែ ស្នាក់នៅផ្ទះជួលម្ដុំផ្សារអង្គ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។  មានស្រុកកំណើតភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិះម៉ូតូ១គ្រឿងម៉ាកHonda Zoomer-X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1DE-5225 ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសនេះបានជិះម៉ូតូដើរលក់ត្រប៉ែធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ហើយសង្ស័យថាគាត់ស្រវឹងស្រាផងដែរលុះពេលទៅដល់ត្រង់ចំណុចផ្លូវបែកជាបួន ភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក៏បានជ្រុះឆ្នាំងត្រប៉ែមកដី តែគាត់ពុំបានឈប់រើសឆ្នាំងទេ។  ខណៈនោះគាត់បានជិះបន្តដំណើរទៅមុខទៀតលុះពេលទៅកន្លែងកើតហេតុដែលជាចំណុចផ្លូវកោង ក៏បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កពេញទំហឹងតែម្ដងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង។

ប្រភពខាងលើបានបន្តថា ក្រោយពេលកើតហេតុម៉ូតូសណ្ដោងរ៉ឺម៉កបានគេចបាត់ ហើយនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំចនិងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យជាក់ស្ដែងព្រមទាំងបានប្រគល់សាកសពឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖