ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានរដ្ឋបាលជលផល ” ត្រីប្រហុកឆ្នាំនេះ ទោះមានការថយចុះបន្តិច ប៉ុន្តែត្រីសម្រាប់ធ្វើប្រហុក ផ្អក គឺភាគច្រើនធំៗល្អ នៅតែមានបរិមាណគ្រប់គ្រាន់ “

ចែករំលែក៖

ភ្នំពេញ៖ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា ត្រីប្រហុកឆ្នាំនេះ ទោះមានការថយចុះ ប៉ុន្តែត្រីសម្រាប់ធ្វើប្រហុក ផ្អក គឺភាគច្រើនធំៗល្អ នៅតែមានបរិមាណគ្រប់គ្រាន់ “  លោក មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចូលពិនិត្យការប្រមូលផលត្រី នៅតាមដាយនានា ក៏ដូចជាការនេសាទត្រីនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅរដូវត្រីចុះពីបឹងទន្លេសាបនៅឆ្នាំ២០២០ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០នេះ ។

តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឲ្យដឹងថា ការប្រមូលផលត្រីសម្រាប់ធ្វើប្រហុកផ្អកនេះ មានការថយចុះពី ១៤,៣២០តោននៅឆ្នាំ២០១៩ មកនៅត្រឹម ៩,៩០០តោននាឆ្នាំ២០២០នេះ។ការធ្លាក់ចុះទិន្នផលត្រីទឹកសាបនេះ ដោយសារតែបម្រែបម្រួលកម្រិតទឹកនៅក្នុងរដូវវស្សាឆ្នាំនេះ មានកម្រិតទាបដែលមិនអំណោយផលដល់ត្រីក្នុងការបង្កបង្កើនកូន។

បើទោះបីថាត្រីសម្រាប់ធ្វើប្រហុកផ្អកនៅឆ្នាំថមថយចុះយ៉ាងណាក្តី ក៏មិនប៉ះពាល់ដល់ការធ្វើប្រហុកផ្អកនោះទេ គឺនៅតែមានបរិមាណគ្រប់គ្រាន់។

សូមជម្រាបថា ផលនេសាទក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦,៥០០តោន ហើយឆ្នាំ២០២០ មានចំនួនប្រមាណតែ ២៦៨,០០០តោនប៉ុណ្ណោះ។ ប៉ុន្តែផលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០១៩ មានចំនួន ៣០៧,៤០៨តោន និងឆ្នាំ២០២០នេះអាចទទួលបានចំនួន ៤០០,៤០០តោន។

តាមរយៈតួលេខនេះ បានបញ្ចាក់យ៉ាងច្បាស់ថា អនុវិស័យវារីវប្បកម្ម បាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ៗក្នុងការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ជំនួសឲ្យផលនេសាទដាយត្រី និងផលនេសាទក្នុងដែននេសាទ ស្របតាមបំណងប្រាថ្នារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញផែនការជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រី៕

ប្រភព៖ ទទក


ចែករំលែក៖