ភ្នំពេញ ៖ បុរសម្នាក់បានបាត់ខ្លួនពីផ្ទះចំនួន៣ថ្ងៃ ដល់ពេលសាច់ញាតិរកឃើញស្រាប់តែ ជនរងគ្រោះស្លាប់ក្នុងរថយន្តរបស់គាត់ដោយសភាពហើមស្អុយបាត់ទៅហើយ។
ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០ នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ១៥ កែង ផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរំាង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ នួន រ៉ាន អាយុ៥១ឆ្នាំ មុខរបរអ្នករត់ តាក់សុី ផ្ទះលេខ១៤០ ផ្លូវលំ ភូមិសាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ ដែលជាអ្នករត់តាក់សុី បានបាត់ខ្លួនចេញពីផ្ទះចំនួន៣ថ្ងៃមកហើយ ហើយក្រុមគ្រួសារក៏ព្យាយាមទំនាក់ទំនង ទូរស័ព្ទទៅជនរងគ្រោះដែរ តែជនរងគ្រោះមិនលើក រហូតព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ទើបអ្នករត់តាក់សុីដូចគ្នា ឃើញរថយន្តជនរងគ្រោះចតចោលនៅចញ្ចើមផ្លូវ ក៏ចុះទៅមើល ស្រាប់តែឃើញជនរងគ្រោះស្លាប់ដោយសភាពហើមស្អុយបាត់ទៅហើយ ក៏បង្កភាពភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ទាំងកម្លាំងសមត្ថកិច្ចចុះមកទីតាំងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យ លើសាកសព រួចសរសេរលិខិតប្រគល់សពជនរងគ្រោះឱ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖រ៉ារ៉ា