ខេត្តបន្ទាយមានជ័យ៖ ជាងជួសជុលរថយន្តម្នាក់ ដោយសារតែការធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្នបានយកអាំងវិចទ័រ(ប្រដាប់សាកអាគុយ) ទៅចាប់បញ្ចូលភ្លើងអាគុយជាប់នឹងតួរថយន្ត បណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់នៅពេលកំពុងជួសជុលខាងក្រោមរថយន្ត ។
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្ទះរបស់ឈ្មោះ ខៀវគីណាល់ ដែលជាម្ចាស់រថយន្ត ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ឃុត ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជាជាងជួសជុលរថយន្ត រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ ខៀវ គីណាល់ បានហៅជនរងគ្រោះឲ្យទៅជួលជុលរថយន្តប្រភេទដឹកទំនិញ១គ្រឿង ដែលខូចនៅមុខផ្ទះ ពេលនោះជនរងគ្រោះបានយកប្រដាប់បញ្ចូលអាគុយ អាំងវិចទ័រចាប់សាកអាគុយជាប់នឹងតួរថយន្ត ដើម្បីឲ្យមានភ្លើងសម្រាប់បញ្ឆេះរថយន្ត ។ ខណៈជនរងគ្រោះកំពុងសាកអាគុយបណ្តើរនៅក្រោមរថយន្តនិងចាប់គ្រឿងបន្លាស់ចូលវិញ ដែលម្ចាស់រថយន្តក៏នៅក្បែរនោះដែរ ប៉ុន្តែគ្រោះថ្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នជាហេតុមើលមិនឃើញបណ្ដាលឲ្យចរន្តអគ្គីិសនីឆ្លងឆក់បាត់បង់ជីវិតនៅក្រោមរថយន្ត ។
ប្រភពដដែលបន្តថា ភ្លាមនោះដោយមិនអស់ចិត្តម្ចាស់រថយន្តឈ្មោះ ខៀវ គីណាល់ បានព្យាយាមដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានបាត់បង់ជីវិតបាត់ទៅហើយ ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះទៅដល់ និងបានធ្វើការពិនិត្យកន្លែងកើតហេតុ ដោយរកឃើញថា អាំងវ៉ិចទ័រ១គ្រឿង តភ្ជាប់ចរន្តអគ្គិសនីសាកជាមួយនឹងអាគុយ២គ្រឿង ជាប់ជាមួយតួរថយន្ត ជាឧបករណ៍បង្កហេតុបណ្តាលឲ្យឆក់ជនរងគ្រោះបាត់បង់ជីវិត ។ បន្ទាប់ពីពិនិត្យរួចរាល់ហើយ សពជនរងគ្រោះ បានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖សហការី