នៅព្រឹកថ្ងៃទី២៨ខែធ្នូ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាអនុម័ត លើកញ្ចប់ជំនួយកូវីដ-១៩ មានទឹកប្រាក់ដល់ទៅ៩០០ពាន់លានដុល្លារ។ ការចុះហត្ថលេខានឹងជួយដល់រដ្ឋាភិបាលបញ្ចៀសការបិទទ្វារ។
កាលពីថ្ងៃទី២១ខែធ្នូ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័តដោយទទួលបាន សំឡេងគាំទ្រ៩២ និងប្រឆាំងតែ៦ ប៉ុណ្ណោះ ។ ការអនុម័តកញ្ចប់ជំនួយខាងលើនឹងជួយដល់បណ្តាក្រុមហ៊ុន និងពលរដ្ឋអាមេរិកដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ។ ជាមួយគ្នានេះអាមេរិកក៏បានអនុម័ត កញ្ចប់ថវិកាសម្រាប់រដ្ឋាភិបាលដែលមានទឹកប្រាក់ ដល់ទៅ១៤០០ ពាន់លានដុល្លារ ដែលមានរយៈពេលរហូតដល់ខែកញ្ញាឆ្នាំ២០២១។
កន្លងមករដ្ឋសភាអាមេរិកក៏បានបោះឆ្នោតអនុម័ត ដោយទទួលបានសំឡេងគាំទ្រដល់ទៅ៣៥៩ និងប្រឆាំងតែ ៥៣សំឡេងប៉ុណ្ណោះ។ ការដែលទទួលបានការគាំទ្រ ទាំងរដ្ឋសភា និងព្រឹទ្ធសភា បានបង្ហាញយ៉ាងច្បាស់ថា គណបក្សទាំងពីរ បានទុកវិវាទម្ខាងដើម្បី ផលប្រយោជន៏ប្រជាជនអាមេរិក។
កញ្ចប់ជំនួយសេដ្ឋកិច្ចគឺជាផ្នែកមួយនៃច្បាប់មូលនិធិដែលមានទឹកប្រាក់ដល់ទៅ២៣០០ពាន់លានដុល្លារ ក្នុងនោះមានជំនួយកូវីដ-១៩ និងដំណើរការរដ្ឋាភិបាល។
តាមច្បាប់ថ្មីនេះ ពលរដ្ឋ អាមេរិក ដែលមានប្រាក់ចំណូលតិចជាង៧៥ពាន់ដុល្លារក្នុងមួយឆ្នាំ ឬពីរនាក់ប្តីប្រពន្ធមានប្រាក់ចំណូលទាបជាង១៥០ពាន់ដុល្លារ ក្នុងមួយឆ្នាំនោះនឹងទទួលបានប្រាក់ជំនួយ៦០០ដុល្លារសម្រាប់មនុស្សម្នាក់ ។ ចំណែកអ្នកដែលមានចំណូលលើសពី ៩៩ពាន់ដុល្លារឡើងនៅនឹងមិនទទួលបានជំនួយនោះឡើយ៕ដោយ៖ធី រីណា
រូបភាព៖AP