អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី បានប្រកាសថា ប្រធានាធិបតីបានសម្រេចចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩Sputnik V ដែលបានចាប់ផ្តើមចាក់ជូនពលរដ្ឋ តាំងពីដើមខែធ្នូ។
សារព័ត៌មានChannel News Asia បានដកស្រង់សំដីអ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីបាន បញ្ជាក់នៅថ្ងៃទី២៧ខែធ្នូថា ប្រធានាធិបតីពូទីនបានសម្រេចចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ផលិតដោយប្រទេសរុស្ស៊ីផ្ទាល់គឺ វ៉ាក់សាំងSputnik V ។
អ្នកនាំពាក្យប្រធានាធិបតីលោកPeskov បានបញ្ជាក់ថា« ប្រធានាធិបតីពូទីនបានសម្រេចចាក់វ៉ាក់សាំង កូវីដ-១៩ ហើយពេលនេះរង់ចាំ ការរៀបចំពីសំណាក់ក្រុមជំនាញ។
រដ្ឋាភិបាលរុស្ស៊ីបានចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ដល់ពលរដ្ឋតាំងពីដើមខែធ្នូ ដោយពេលដំបូងចាក់ជូនពលរដ្ឋ ងាយឆ្លងនៅទីក្រុងមូស្គូ ក្នុងនោះមានក្រុមគ្រូពេទ្យ។
កន្លងមកប្រធានាធិបតីពូទីនបានបញ្ជាក់ថាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ផលិតដោយប្រទេសរុស្ស៊ី គឺមានប្រសិទ្ធភាពនិងសុវត្ថិភាព។ ប្រធានាធិបតីរុស្ស៊ីបានធញវើការពីចម្ងាយតាំងពីការឆ្លងកូវីដ-១៩ រហូតមកទល់ពេលនេះ។
ជាមួយគ្នានេះដែរ អភិបាលក្រុងមូស្គូ លោកSergei Sobyanin បានប្រកាសថាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងអាចចុះឈ្មោះចាក់វ៉ាក់សាំងបានចាប់ពីថ្ងៃទី២៧ខែធ្នូ ។ តាមតួលេខពីគេហទំព័រ Worldometers រុស្ស៊ីមានករណីឆ្លងកូវីដ-១៩សរុប 3.050.248 នាក់ និងស្លាប់54.778 នាក់ផងដែរ៕
ដោយ៖ធី រីណា