ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនឪពុកបង្កើតម្នាក់ដែលចាប់រំលោភសេពសន្ថវ:កូនស្រីខ្លួនឯងអាយុត្រឹម១០ឆ្នាំ បានសម្រេចពីរដងហើយត្រូវប្រពន្ធតាមទាន់ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តច្បាប់នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០។
លោក ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យ ជាឪពុក មាន ឈ្មោះ ម៉ៅ សុវណ្ណ (កយ) អាយុ៤៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ។ ចំណែកក្មេងស្រី រងគ្រោះជា កូនបង្កើត ឈ្មោះ ក.ស.ត្រ អាយុ១០ឆ្នាំ ជាកូនទី៣ ក្នុងចំណោមបងប្អូន៣នាក់ក្នុងនោះមាន ប្រុស០២នាក់។
លោកបញ្ចាក់ថា នៅវេលា ម៉ោង១១យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះម៉ៅ សុវណ្ណ ជាឪពុក បានចាប់កូនស្រីរបស់ខ្លួន(ជនរងគ្រោះ)រំលោភ ខណៈដែលក្មេងរងគ្រោះកំពុងដេកជាមួយម្តាយ។ពេលនោះត្រូវស្ត្រី ជាប្រពន្ធភ្ញាក់ទាន់ ក៏ស្រែកឆោឡោ ប្រាប់អ្នកជិតខាង និងប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនប្តីកំហូចនេះតែម្តង។
លុះពេលសមត្ថកិច្ចសួរនាំ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានចាប់ រំលោភក្មេងស្រីរងគ្រោះមែន ដោយអះអាងថា នាងមិនមែនជាកូនបង្កើត គឺជាកូនរបស់ប្រុសសហាយប្រពន្ធ។ កន្លងមកបានរំលោភក្មេងស្រីរងគ្រោះបានចំនួន០២ដង ចុងក្រោយ ប្រពន្ធភ្ញាក់ពីដំណេកទាន់ ប្តឹងនគរបាល ឲ្យចាប់ខ្លួនតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ដោយផ្អែកលើបណ្តឹងស្រ្តីជាម្តាយក្មេងរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងការិយាល័យជំនាញ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់៕
ដោយ៖វណ្ណា