ភ្នំពេញ៖ ទីបំផុតតារាចម្រៀងជួរមុខក្នុងផលិតកម្ម Galaxy Navatraកញ្ញា តន់ ចន្ទសីម៉ា ដែលមុននេះល្បីរឿងស៊ីថ្លៃខ្ពស់កប់ពពកលើសអស់តារាចម្រៀងជួរមុខនៅកម្ពុជា នឹងបង្ហាញខ្លួនជាផ្លូវការលើឆាកតន្ត្រីលើកដំបូង នៅថ្ងៃរាប់ថយក្រោយឆ្លងឆ្នាំថ្មីនៃកម្មវិធីប្រគំតន្ត្រីធំមួយរបស់ក្រុមហ៊ុន Smart Axiata ។
អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មខាងលើ លោក យឹម តាស្រង់ ធ្លាប់បានទម្លាយរឿងតម្លៃខ្លួនខ្ពស់របស់តារាចម្រៀងតន់ ចន្ទសីម៉ា ដែលទទួលការច្រៀងតាមកម្មវិធីប្រគំតន្ត្រីគឺមានប្រមាណ៥ពាន់ដុល្លារអាមេរិក ដែលជាតម្លៃខ្លួនខ្ពស់បើធៀបនឹងតារាចម្រៀងក្នុងស្រុកថ្នាក់Grad A។ តម្លៃខ្លួនខ្ពស់នេះហើយដែលធ្វើឲ្យតារាចម្រៀងរូបនេះកម្រនឹងបង្ហាញមុខក្នុងកម្មវិធីប្រគំតន្ត្រីនានាពិសេសកម្មវីធីប្រគំតន្ត្រីចុងសប្តាហ៍របស់ទូរទស្សន៍នានា។ ការបញ្ចេញតម្លៃខ្លួនខ្ពស់នេះនាំឲ្យលេចចេញមតិចម្រុះទាំងការរិះគន់ និងកោតសរសើរផងដែរ។ ទោះជាយ៉ាងណា តន់ចន្ទសីម៉ា ត្រូវបានក្រុមហ៊ុន Smart ជួលច្រៀងនៅយប់ថ្ងៃទី 31 ខែធ្នូ2020 ជាមួយកម្មវិធីចុង ឆ្នាំដ៏អស្ចារ្យ «2021 Virtual Sky – High New Year Countdown» ដែលនឹងនាំមកនូវការ កម្សាន្តសប្បាយៗជាមួយសិល្បករជាង ២០រូបផ្សេងទៀត ហើយបើដូចការអះអាងរបស់អ្នកគ្រប់គ្រងខាងលើមែននោះនាងនឹង ត្រូវបានគេដឹង ថាទទួលបានក្នុងតម្លៃថ្លៃជាងគេ ។
គួរបញ្ជាក់ដែរថា តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា បាន និងកំពុងតែឈរនៅលំដាប់កំពូល ដោយបទចម្រៀងរបស់នាងមានអ្នកទស្សនារហូតជិត ៥០០ លានដងដែលចំនួននេះមិនទាន់អាចមានតារាចម្រៀងរូបណាអាចយកឈ្នះនាងបាននៅ ឡើយ។ ប៉ុន្តែនេះក៏ជាករណីលើកដំបូងក្នុងវិស័យផលិតបទចម្រៀងនៅកម្ពុជាដែលផលិតកម្មបានធ្វើការបូកសរុបចំនួនដងនៃការចូលទស្សនារបស់ទស្សនិកជនលើបណ្តាញសង្គម មកបង្ហាញជាធារណៈដើម្បីធ្វើការលើកមុខមាត់តារាចម្រៀងក្នុងផលិតកម្មផងដែរ៕
ដោយ៖វឌ្ឍនា