ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀងគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជនក្នុងការវិនិយោគអចលនទ្រព្យដីធ្លីក្នុងខេត្តដែលមានសន្ទុះកើនឡើងខ្លាំង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ក្នុងខេត្តស្វាយរៀងក្នុងការវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដែលជាឱកាសមួយសម្រាប់អ្នកវិនិយោគទុនទាំងអស់មកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀងហើយខេត្តក៏មានទីតាំងដីអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគផងដែរ។

ការថ្លែងប្រកាសគាំទ្ររបស់លោកអភិបាលខេត្តស្វាយរៀងបែបនេះ គឺក្នុងឱកាសដែលលោកអញ្ជើញចូលរួមសម្ពោធបើកការដ្ឋានសាងសង់គម្រោងលំនៅឋានរំដួលវ៉ៃគោស្ថិតនៅក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត និងលោកលោកស្រីជាប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ ដែលមកចូលរួមស្វែងយល់អំពីគម្រោងងលំនៅឋាននេះជាច្រើននាក់ផងដែរ។

បើតាមមន្ត្រីសាលាខេត្តស្វាយរៀងបានឲ្យដឹងថា លោកអភិបាលខេត្តតែងតែជំរុញនិងសហការក្នុងការផ្តល់ទំនុកចិត្តចំពោះការអភិវឌ្ឍ ហើយរាល់ការវិនិយោគវិស័យឯកជនពិតជាបានរួមចំណែកនូវគោលនយោបាយកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលបានមួយកម្រិត ដូចជា បានផ្តល់នូវលំនៅឋានមានតម្លៃសមរម្យ ​ដីលំនៅឋានសមរម្យ ជាពិសេសបានផ្តល់ការងារដល់ប្រជាពលរដ្ឋផងដែរ។

មន្ត្រីដដែលបញ្ជាក់ថា តាមរយៈ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ​កំពុង​សហការគ្នា​ក្នុងការ​រៀបចំ​គោលនយោបាយ​លើកទឹកចិត្ត​វិស័យ​ឯកជនដែល​បាន​វិនិយោគ​លំនៅឋាន​ដែលមាន​តម្លៃទាប និង​តម្លៃមធ្យម ទាំងនេះ ជាការគិតគូរដ៏ធំធេងចំពោះជីវភាពរស់នៅរបស់ពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមលោកពៅ សុធារិន តំណាងគម្រោងវិនិយោគលំនៅឋានរំដួលវ៉ៃគោបានឲ្យដឹងថា ខេត្តស្វាយរៀងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជាមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមដែលមានច្រកទ្វារអន្តរជាតិបាវិតស្ថិតនៅចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រពីទីរួមខេត្តខេត្តស្វាយរៀង ហើយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ចរាចរទំនិញចេញចូលរវាងប្រទេសទាំងពីរគឺកម្ពុជានិងវៀតណាម ជាពិសេសគឺក្រុងភ្នំពេញនិងក្រុងហូជីមិញ ហើយរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ជាហេតុធ្វើឲ្យសេដ្ឋកិច្ចក្នុងខេត្តស្វាយរៀងមួយនេះមានការរីកចម្រើនយ៉ាងលឿនដែលធ្វើឲ្យកំណើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័សដែលមានទាំងអ្នកចំណូលថ្មីនិងការធ្វើចំណាកស្រុកមានអត្រាថយចុះគួរឲ្យកត់សម្គាល់។

លោកបានបន្ថែមថា វិស័យវិនិយោគអចនទ្រព្យមានសន្ទុះកើនឡើងទាំងដីធ្លីសម្រាប់សាងសង់គម្រោងផ្សេងៗ ការអភិវឌ្ឍលំនៅឋាននិងតម្រូវការហេដ្ឋារចនាសម្ព័ន្ធជាដើម។
គម្រោងលំនៅឋានរំដួលវ៉ៃគោមានទីតាំងស្ថិតនៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោកបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅឋានរំដួលវ៉ៃគោត្រូវបានគិតគូរយ៉ាងលម្អិតហ្មត់ចត់អំពីតម្រូវការរបស់ប្រជាជនឲ្យស្របតាមសក្តានុពលនៃខេត្តស្វាយរៀង ហើយហេដ្ឋារចនាសម្ព័ន្ធសំណង់ សោភណភាព បរិយាកាសនិងសុវត្ថិភាពជាអ្វីដែលយើងយកចិត្តទុកដាក់ផ្ដល់ជូនអតិថិជនរបស់យើង។ភាពសម្បូរបែបក្នុងគម្រោងនឹងធ្វើឲ្យការរស់នៅមានភាពប្រាស្រ័យទាក់ទងគ្នាល្អនិងប្រកបដោយសុភមង្គល ការអភិវឌ្ឍដែលមានគម្រោងច្បាស់លាស់ប្រាកដប្រជានិងផ្ដល់អត្ថប្រយោជន៍ជាច្រើនលើសពីការរំពឹងទុករបស់អតិថិជន ហើយគម្រោងជាប័ណ្ណកម្មសិទ្ធិកាន់កាប់មិនជាប់ពាក់ព័ន្ធនឹងធនាគារ ជាគម្រោងអភិវឌ្ឍន៍ស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដោយក្នុងគម្រោងមានផ្លូវទោល និងផ្លូវភ្លោះក្រាលបេតុងអមដោយសួនច្បារមានកន្លែងហាត់ប្រាណ សួនលំហែកាយនិងប្រកបដោយដើមឈើបៃតងជាទីសហគមន៍សម័យថ្មីប្រកបដោយផាសុកភាពផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖