ពលរដ្ឋកូរ៉េខាងជើងរាប់ពាន់នាក់បានត្រៀមលក្ខណៈសម្រាប់ព្រិឹត្តិការណ៍សំខាន់ៗនៅក្នុងខែមករាឆ្នាំ២០២១ ដោយមានពិធីដង្ហែក្បួន បន្ទាប់ពីមហាសន្និបាតបក្សពលករកូរ៉េខាងជើងលើកទី៨ ។
តាមគេហទំព័រ 38 North បានផ្សាយថា តាមរូបភាពដែលថតតាមផ្កាយរណបកាលពីថ្ងៃទី២៦ខែធ្នូ បង្ហាញឲ្យឃើញថា ពលរដ្ឋកូរ៉េខាងជើងរាប់ពាន់នាក់បានហ្វឹកហាត់នៅទីលាន គីម អុីលស៊ុង សម្រាប់ព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅកូរ៉េខាងជើង បន្ទាប់ពីមហាសន្និបាត។ តាមរូបភាពពលរដ្ឋបានរៀបទៅជាអក្សរ”kyeolsaongwi” ជាភាសាកូរ៉េខាងជើងមានន័យថា(ការពារដោយអាយុជីវិត)។
តាមគេហទំព័រ38 North អាចនឹងមានពិធីដង្ហែក្បួនព្យុហយាត្រាកើតឡើងក្រោយមហាសន្និបាត បក្សនៅខែមករាឆ្នាំ២០២១។ កន្លងមក សារព័ត៌មានខាងលើ ក៏បានបង្ហាញពីការដ្ឋានមួយចំនួន រៀបចំនៅក្នុងទីលានគីម អុីលស៊ុង ហើយការដ្ឋាននោះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍បង្ហាញពីសមិទ្ធផលរបស់មេដឹកនាំ គីម ជុងអ៊ុន ។
តាមក្រុមចារកម្មកូរ៉េខាងជើង បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងមានគម្រោងដង្ហែក្បួនព្យុហយាត្រា នៅទីលានគីម អុីលស៊ុង។ ទីតាំងនោះ គឺជាកន្លែងរៀបចំពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំកាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២០ ជាខួប៧៥ឆ្នាំថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង ។
បច្ចប្បន្នកូរ៉េខាងជើង បានត្រៀមលក្ខណៈសម្រាប់មហាសន្និបាតបក្ស ដែល៤ឆ្នាំរៀបចំឡើងម្តង។ នៅក្នុងមហាសន្និបាតគឺជាពេលវេលាដែលលោក គីម ប្រកាសពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជានយោបាយសំខាន់ៗរបស់ប្រទេសជាតិ៕
ដោយ៖ធី រីណា