ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងរ៉ែ និងថាមពល ចេញលិខិតអបអរសាទរសូមគោរពជូន សម្ដេចតេជោ ហ៊ុន សែន ចំពោះដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះជាលទ្ធផលប្រវត្តិសាស្ត្រ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ចេញលិខិតអបអរសាទរសូមគោរពជូន សម្ដេចតេជោ ហ៊ុនសែន ចំពោះដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះជាលទ្ធផលប្រវត្តិសាស្ត្រ ដោយបានបញ្ជាក់ថា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត

ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះជាលទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃជោគជ័យ របស់ជាតិកម្ពុជាទាំងមូល ដែលយើងខ្ញុំព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសបានទន្ទឹមរង់ចាំជាច្រើនជំនាន់ មកហើយ។ ថ្ងៃនេះកម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយដែរក្នុងចំណោមប្រទេសមួយចំនួនតូចក្នុង ពិភពលោកដែលកូនខ្មែរសម័យតេជោគួរមានមោទនភាព។ ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងរ៉ែនិងថាមពល យើងខ្ញុំ សូមអបអរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះសមិទ្ធផលថ្មីនៃនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបង្ហាញចេញជាផ្លែផ្កាក្នុងថ្ងៃនេះ។ ក្តីស្រមៃ ជាយូរមកហើយបានក្លាយ ជាការពិតក៏អាស្រ័យដោយសន្តិភាពយូរអង្វែង ដែល សម្តេចតេជោ បានកសាងនិងថែរក្សាដោយយកជីវិត ជាដើមទុន លើសពីនេះទៅទៀតការដឹកនាំដ៏ភ្លឺស្វាងបានផ្តល់នូវទំនុកចិត្តសម្រាប់វិនិយោគិនជាតិនិងអន្តរជាតិ ក្នុងការដាក់ទុនដ៏សន្ធឹកសន្ធាប់និងជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាក់ស្តែងទោះជាវិស័យប្រេងកាត ដែលត្រូវការវិនិយោគខ្ពស់ហើយត្រូវប្រឈមហានិភ័យខ្ពស់ដូចគ្នា គឺតួអង្គទាំងឡាយនៅក្នុងជោគជ័យថ្ងៃនេះ នៅតែជំនះបានដោយ ក្តីជឿជាក់ក្នុងចិត្តនិងក្នុងការដឹកនាំរបស់ សម្តេចតេជោ។ ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាកគំរាមកំហែងដោយមេរោគរាតត្បាត កូវីដ-១៩ គឺជាសក្ខីភាពនៃការ ខំប្រឹងប្រែង អំណត់ព្យាយាម និងពុះពារលុះត្រាសម្រេចបានរបស់រាជរដ្ឋាភិបាលនិងវិនិយោគិនដែលយើងខ្ញុំ ទាំងអស់គ្នាសូមចូលរួមកោតស្ញប់ស្ញែង។ ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងរ៉ែនិងថាមពល យើងខ្ញុំ សូមចូលរួមអបអរសាទរនិងសូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្ត្រីទទួលបាននូវ សុខភាពល្អ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធិផលធំៗជាច្រើនទៀតសម្រាប់មាតុភូមិ ជាទីស្នេហារបស់យើងទាំងអស់គ្នា៕

ដោយ៖សុខខេមរា


ចែករំលែក៖