ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលរឿងតារាចម្រៀង នៅ ស៊ីនឿនស្នើសុំទាមទាររកយុត្តិធម៌ក្រោយតុលាការសម្រេចឃុំខ្លួនពេលនេះ

ចែករំលែក៖

    ភ្នំពេញ៖ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមលោក ហេងឡុង បានទម្លាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងកាលពីរសៀលថ្ងៃទី៣០ ធ្នូនេះបន្ទាប់ពីករណីដីធ្លីដ៏ចម្រូងចម្រាសមួយរបស់តារាចម្រៀងលោកនៅ ស៊ីនឿន រហូតឈានដល់តុលាការសម្រេចមានការឃុំខ្លួននៅពន្ធធនាគារនោះ។

ការលើកឡើងនេះត្រូវធ្វើឡើងក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនៅ ស៊ីនឿន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០  តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញក្រោមការចោទប្រកាន់ពីបទ៖ «គំរាមកំហែងថានឹងធ្វើឲ្យខូចខាត និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត» ប្រព្រឹត្តនៅចំណុចផ្ទះលេខៈ ១៧២៩ ផ្លូវលំ ភូមិព្រែកតាឡុងទី២ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។ ទោះជាយ៉ាងណានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ប្រធានសមាគមបានជួយអន្តរាគមន៍សម្របសម្រួលនិងដោយមានការធានាដើម្បីទទួលបានដីកាសម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយសំអាងហេតុផលមួយចំនួន។ លុះដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ តារាចម្រៀងរូបនេះបានធ្វើដំណើរមកជួបពិភាក្សាជាមួយលោក ហេង ឡុង ដើម្បីស្វែងរកពឹងពាក់មេធាវីស្ម័គ្រចិត្តរបស់សមាគមក្នុងការការពារសិទ្ធិ និង ជួយរកយុត្តិធម៌ជូនគាត់តាមផ្លូវច្បាប់

នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាចម្រៀងនៅ ស៊ីនឿនបាននៅឡើយទេ ប៉ុន្តែតាមការបញ្ជាក់ដោយសារខ្លីរបស់លោកនៅ ស៊ីនឿនបានលើកឡើងថា លោកនិងក្រុមគ្រួសារគឺជាជនរងគ្រោះនៃការរំលោភបំពានពីសំណាក់លោក អ៊ុន ង៉េង មកលើក្រុមគ្រួសារលោក  ហើយលោកស្នើឲ្យថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារលោកដោយក្តីអនុគ្រោះ។ តាមការបញ្ជាក់របស់អ្នកជិតដិតលោកបានលើកឡើងថាជាជម្លោះដីធ្លីដែលតារាចម្រៀងខាងលើបានចូលរស់នៅតាំងពីឆ្នាំ២០០៩ ប៉ុន្តែឆ្នាំ២០១៣ ទើបលោកបានដាក់ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីពីអាជ្ញាធរ ទើបលេចចេញភាពចម្រូងចម្រាស ជាពាក្យសម្តីរហូតលេចចេញជម្លោះជាពាក្យសម្តីរហូតមានការប្តឹងផ្តល់គ្នាឡើងតុលាការទោះជាយ៉ាងណាករណីនេះលោកបាននិងកំពុងធ្វើការពិគ្រោះយោបល់ជាមួយមេធាវី និងក្រុមការងារផ្នែកច្បាប់ដើម្បីការពារ និងជួយរកយុត្តិធម៌តាមផ្លូវច្បាប់នោះ ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖