ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីម្នាក់ទៀត ដែលជាអ្នកធ្វើដំណើរមកពីអាមេរិក ខណៈជាសះស្បើយមិនមាននោះទេ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា, អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីម្នាក់នេះ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកកាំង អាយុ៣៦ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីខាងលើ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកម្ចាត់មេរោគរបេង និងហង់សិន។
សូមគត់សម្គាល់ថា អ្នកដំណើរតាមជើងហោះហើរខាងលើ សរុបមានចំនួន១០នាក់ ដែលក្នុងចំនួននោះ មានបុគ្គលខាងលើផងដែរ។ រីឯអ្នកដំណើរចំនួន០៩នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ៕
ដោយ៖សិលា