ព័ត៌មានទាន់ហេតុការណ៍៖

ថវិកាបន្ថែម ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត សម្តេចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភដល់ខេត្តជាប់ព្រំដែនចំនួន៤ ដែលទទួលពលករត្រឡប់មកពីប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ​ បើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ    បានឲ្យដឹងថា​ ថវិកាបន្ថែមសរុបចំនួន ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត ត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឧបត្ថម្ភដល់ខេត្តជាប់ព្រំដែនចំនួន៤ ដែលមានបន្ទុកទទួលពលករត្រឡប់មកពីប្រទេសថៃ ដើម្បីរៀបចំធ្វើចត្តាឡីស័ក។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា​ ខេត្តចំនួន៤ ដែលមានបន្ទុកទទួលពលករឆ្លងពីប្រទេសថៃ ហើយទទួលបានថវិកាបន្ថែមនេះរួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តប៉ៃលិន។ ខេត្តទាំង៤ ទទួលបានថវិកាសរុបបន្ថែមចំនួន៦៥០លានរៀល និងសម្ភារសរុបបន្ថែមចំនួួន១៤,០០០ឃីត (មុងភួយខ្នេីយកន្ទេលជាដើម)។ ថវិកានិងសម្ភារទាំងនេះ ត្រូវបានប្រគល់ជូន អភិបាលនៃគណ:អភិបាលខេត្តជាអ្នកគ្រប់គ្រងនិងចាត់ចែងផ្ទាល់។

បន្ថែមពីនេះទៅទៀត​ លោកស្រី យក់ សម្បត្តិ បញ្ជាក់បន្តថា សម្រាប់ខេត្តប៉ៃលិនដែលរកឃើញមានពលករវិជ្ជមានជំងឺកូវីដ-១៩ច្រើនម្សិលមិញនេះ ក៏ត្រូវបានបន្ថែមសម្ភារមានម៉ាស៊ីនជំនួយដកដង្ហើម២គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិតអ្នកជំងឺ៥គ្រឿង និងទឹកថ្នាំសម្លាប់មេរោគចំណុះ២៥លីត្រ៥បុីដុងផងដែរ។ សម្រាប់ខេត្តប៉ៃលិននេះដែរ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ក្រសួងសុខាភិបាល បានសម្រេចបញ្ជូនក្រុមគ្រូពេទ្យជំនាញពីមន្ទីរពេទ្យរុស្ស៉ី ទៅជួយផ្នែក បច្ចេកទេសដល់មន្ទីរពេទ្យខេត្តប៉ៃលិនថែមទៀត។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។ ពាក់ព័ន្ធនឹងការពង្រឹងវិធានការតាមបណ្តាខេត្តជាប់ព្រំដែនថៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកា៥០លានរៀល ក្នុង១ខេត្តផងដែរ ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ។

សូមជម្រាបថា​ ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមាន៖​ ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង៕ដោយ៖ស​ តារា


ចែករំលែក៖