ព័ត៌មានទាន់ហេតុការណ៍៖

បុរសញៀនថ្នាំម្នាក់បានតខ្សែភ្លើងហើយយកមករុំដៃបណ្តាលឲ្យឆក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលតែងតែអុកឡុកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវឥទ្ធិពលថ្នាំញៀនរើឡើងក៏បានទៅក្នុងផ្ទះតខ្សែភ្លើងរួចហើយយកមករុំដៃបណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៣៦៣ ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ន ស្រស់ អាយុ៣៩ឆ្នាំ ជាអតីតជាងភ្លើង និងមានប្រពន្ធឈ្មោះ ចុង សុខលាប មានអាយុ៤៥ឆ្នាំ មានកូនប្រុស៣នាក់នៅក្នុងបន្ទុក ។

បើតាមសម្តីរបស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ភ្ញាក់ពីដេកបានឮសំឡេងប្តីច្រៀងលេងនៅក្នុងផ្ទះ ។ ក្រោយមកគាត់បានចេញពីផ្ទះនៅខាងក្រោយ ហើយដើរមកមុខក៏បានឃើញប្តីត្រូវខ្សែភ្លើងឆក់ស្លាប់បាត់ទៅហើយ ។

ប្រពន្ធបន្តថា កន្លងមកប្តីគាត់ជាមនុស្សញៀនថ្នាំ ពេលជាតិថ្នាំរើម្តងៗតែងតែវាយបំផ្លិចបំផ្លាញរបស់របរ និងធ្លាប់ដុតផ្ទះចំនួន២ដង ត្រូវសមត្ថកិច្ចនគរបាលចាប់បញ្ជូនទៅកាន់មណ្ឌលកែប្រែជាច្រើនដងផងដែរ ។

តាមសម្តីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងដែរថា បុរសរូបនេះបានតខ្សែភ្លើងរញ៉េរញ៉ៃភ្ជាប់នៅនឹងកង្ហារ និងយកទៅរុំដៃ ហើយដោតចូលព្រីភ្លើងបណ្តាលឲ្យឆក់ស្លាប់នៅក្បែរធុងបាស់ ។

គួរបញ្ជាក់ថា កាលពីប្រមាណជាង១ឆ្នាំមុន បុរសរូបនោះបានដុតផ្ទះខ្លួនឯងបណ្តាលឲ្យឆេះផ្អើលរថយន្តពន្លត់អគ្គិភ័យទៅជួយពន្លត់ ហើយបុរសរូបនោះបានឡើងទៅលើដំបូលផ្ទះ ។ គេនៅចាំបានថា នាពេលកន្លងទៅ កម្លាំងកងរាជអាវុធហត្ថ ក៏បានចុះទៅធ្វើអន្តរាគមន៍ ចាប់ខ្លួនបុរសរូបនេះបញ្ជូនទៅសាលាដំបូងហើយជាប់គុក១ឆ្នាំ ទើបចេញបានប្រមាណ៦ខែក៏តខ្សែភ្លើងយកមកចងកដៃរបស់ខ្លួនបណ្តាលឲ្យឆក់ស្លាប់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទីពិនិត្យរួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ ដល់កន្លែងកើតហេតុ ហើយបានបញ្ជក់ថា បុរសរូបនេះស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ពិតប្រាកដមែន រួចប្រគល់ឲ្យទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ជ្រោយពេជ្រ


ចែករំលែក៖