មន្ត្រីសន្តិសុខប្រទេសនីហ្សេបានឲ្យដឹងថា មានមនុស្សដល់ទៅ៤៩ នាក់ស្លាប់ និង១៧នាក់រងរបួសដោយការវាយប្រហារពីក្រុមអ៊ិស្លាម ស្ថិតនៅក្នុងភូមិTchombangou ។ ជាមួយគ្នានោះក៏មានការវាយប្រហារផ្សេងទៀតនៅក្នុងភូមិ Zaroumdareye បណ្តាលឲ្យមានអ្នកស្លាប់៣០នាក់ផងដែរ។
តាមសារព័ត៌មានTTXVN បានផ្សាយថា មន្ត្រីសន្តិសុខប្រទេសនីហ្សេបានឲ្យដឹងថា មានមនុស្សជិត ៨០នាក់ស្លាប់ក្នុងការវាយប្រហារពីក្រុមភេរវកម្ម អ៊ិស្លាម ស្ថិតនៅភូមិជាប់ព្រំដែនប្រទេសម៉ាលី។ មកទល់ពេលនេះរដ្ឋាភិបាលនៃប្រទេសនីហ្សេ មិនទាន់ប្រកាសជាផ្លូវការថាក្រុមណានៅពីក្រោយការវាយប្រហារនោះឡើយ។
កាលពីថ្ងៃទី២៤ខែធ្នូ ក្រសួងការពារជាតិនៃប្រទេសនីហ្សេ បានឲ្យដឹងថា កម្លាំងទាហានប្រទេសនេះបានសម្លាប់ក្រុមភេរវកម្ម១១នាក់នៅតំបន់ភាគខាងលិច ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងទាហាន។ ចំណែកទាហានរដ្ឋាភិបាលក៏ស្លាប់៧នាក់ផងដែរ។
ប្រទេសនីហ្សេប្រឈមនឹងបញ្ហាសន្តិសុខយ៉ាងខ្លាំង ដោយតែងតែរងការវាយប្រហារនៅតំបន់ព្រំដែនជាប់ប្រទេសម៉ាលី និងBurkina Faso ។ ក្រុមភេរវកម្មគឺមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ិស្លាម IS ជាអ្នកវាយប្រហារ៕

ដោយ៖ធី រីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច