ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ប្រារព្ធខួប​១ឆ្នាំថ្ងៃ​មេទ័ពSoleimani ត្រូវអាមេរិក​ធ្វើឃាតដោយយន្តហោះគ្មានមនុស្សបើក

ចែករំលែក៖

នៅថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០ មកទល់ថ្ងៃនេះ ថ្ងៃទី​៣ខែមករាឆ្នាំ ២០២១គឺគម្រប់​១ឆ្នាំថ្ងៃដែលមេទ័ព​Soleimaniរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅអាកាសយានដ្ឋានអន្តរជាតិ​ប្រទេសអុីរ៉ាក់។ រដ្ឋាភិបាលអុីរ៉ង់បានរៀបចំពិធីបុណ្យខួប​១ឆ្នាំនៅទីក្រុងKerman ។
កាលពីថ្ងៃទី​៣ខែមករាឆ្នាំ​២០២០ មេទ័ព​ជនជាតិ ឃឺដ(Quds) ត្រូវបានយន្តហោះគ្មានមនុស្សបើករបស់អាមេរិកវាយប្រហារ​បណ្តាលឱ្យស្លាប់នៅនឹងកន្លែង​។ ជាមួយគ្នានោះក៏មានមេទ័ពរងធ្វើដំណើរទៅជាមួយផងដែរ គឺលោកAbu Mahdi al-Muhandis ក៏ត្រូវស្លាប់​ក្នុងការវាយប្រហារនោះដែរ។
នៅថ្ងៃទី​៣ខែមករា​ឆ្នាំ​២០២១ ពលរដ្ឋអុីរ៉ង់ជាច្រើនបានទៅកាន់ទីតាំងគោរពវិញ្ញាណក្ខន្ធ​អតីតមេទ័ព​ដែលអាមេរិកសម្លាប់។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺជាអ្នកបញ្ជាដោយផ្ទាល់ក្នុងការវាយប្រហារសម្លាប់មេទ័ពអុីរ៉ង់។
ការវាយប្រហារសម្លាប់មេទ័ព ជាដើមហេតុធ្វើឲ្យទំនាក់ទំនងអាមេរិកនិងអុីរ៉ង់កាន់តែតានតឹង​ខ្លាំងឡើងស្ទើរតែផ្ទុះសង្គ្រាម​។ ក្រោយការវាយប្រហារសម្លាប់មេទ័ព​បាន​៥ថ្ងៃគឺនៅថ្ងៃទី​៨ខែមករា អុីរ៉ង់បានប្រើមីស៊ីលរាប់សិបដើមបាញ់ទៅលើទីតាំងយោធាមេរិកក្នុងប្រទេសអុីរ៉ាក់ ។ នៅថ្ងៃនោះដែរ អុីរ៉ង់​ក៏បានបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន សម្លាប់អ្នកដំណើរ ១៧០នាក់ ។
នៅចុងឆ្នាំ​២០២០ កន្លងមក​ បិតាវិទ្យាសាស្ត្របរមាណូ​អុីរ៉ង់ ក៏រងការធ្វើឃាតនៅក្នុងទឹកដីអុីរ៉ង់តែម្តង ហើយរដ្ឋាភិបាលអុីរ៉ង់​បានទម្លាក់កំហុសឲ្យអាមេរិក និងអុីស្រាអែលជាអ្នកនៅពីក្រោយការសម្លាប់នោះ៕

ដោយ៖ធី រីណា(រូបភាព៖Reuters)


ចែករំលែក៖