ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញជួសជុលផ្លូវ៧ខ្សែក្នុងខណ្ឌទួលគោកឡើងវិញដែលរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមក

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្ដើមដំណើរការជួសជុលផ្លូវលេខ២៨៥ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោយអ៊ុតកៅស៊ូឡើងវិញក្រោយជំនន់ទឹកភ្លៀង។ កំណាត់ផ្លូវលេខ២៨៥ មានប្រវែង៤៩០ម៉ែត្រ ទទឹង៨ម៉ែត្រកន្លះស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានឈានដល់ដំណាក់កាលអ៊ុតកៅស៊ូរួចនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ក្រោយពីបានដំណើរការធ្វើគ្រឹះបានរួចរាល់ដែលជាផ្នែកមួយនៃការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខណ្ឌទួលគោក ដែលត្រូវស្តារឡើងវិញជាបន្ទាន់ក្រោយទទួលរងជំនន់ទឹកភ្លៀង។

   អាជ្ញាធរខណ្ឌទួលគោកបានឲ្យដឹងថាអនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវចំនួន៧ខ្សែក្នុងភូមិសាស្រ្តខណ្ឌទួលគោកនឹងត្រូវធ្វើការជួសជុលកែលម្អឡើងវិញក្រោយជំនន់ទឹកភ្លៀង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចលើកកម្ពស់សោភណភាពរាជធានីភ្នំពេញផងដែរ។ មានផ្លូវជាច្រើនខ្សែរួចមកហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញបានដំណើរការជួសជុលកែលម្អឡើងវិញក្នុងចំណោមផ្លូវទាំង២៩ខ្សែដែលត្រូវស្តារឡើងវិញបន្ទាប់ពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។ក្នុងនោះមានផ្លូវខ្លះត្រូវធ្វើគ្រឹះជាថ្មី ផ្លូវខ្លះអ៊ុតកៅស៊ូជាថ្មីជាដើមទៅតាមស្តង់ដារបច្ចកទេស។ ផ្លូវលេខ ២៨៥ ក្នុងសង្កាត់បឹងកក់ទី១ដែលកំពុងដំណើរអ៊ុតកៅស៊ូនាពេលនេះតភ្ជាប់ពីផ្លូវលេខ៥១៦ទៅផ្លូវលេខ៦០៨ ដែលមានតួនាទីសំខាន់ក្នុងការរួមចំណែករំដោះចរាចរណ៍ក្នុងភូមិសាស្ត្រខណ្ឌទួលគោកនឹងភ្ជាប់ទៅផ្លូវលេខ៧០(ទំនប់ទួលគោក)។ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវខាងលើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានគិតគូរពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលបានកំណត់យកចំណុចអាទិភាពជាច្រើនដោះស្រាយមុនជូនប្រជាពលរដ្ឋ ដើម្បីឲ្យការរស់នៅនិងការធ្វើអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋកាន់ត ងាយស្រួលដែលជាសមិទ្ធផលបានមកពីនយោបាយឈ្នះ=ឈ្នះរបស់សម្តេចតេជោ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពមានការអភិវឌ្ឍដែលជាតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕

ដោយ៖សំរិត


ចែករំលែក៖