ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសហុងកុង៖ ចាប់ខ្លួនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យច្រើនជាង៥០នាក់ ក្រោមច្បាប់សន្តិសុខជាតិថ្មី

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារពត៌មាន CNA នៅថ្ងៃពុធ ទី០៦ ខែមករាឆ្នាំ២០២១នេះបានចុះផ្សាយថាប៉ូលិសហុងកុងបានចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យហុងកុងច្រើនជាង៥០នាក់ ពីបទរំលោភបំពានច្បាប់សន្តិសុខជាតិថ្មី។

ចំពោះការចាប់ខ្លួនសកម្មជនខាងលើនេះ រួមមាន៖សកម្មជនប្រជាធិបតេយ្យលេចធ្លោ និងអតីតសមាជិកសភា គឺលោក James To, លោកLam Cheuk Ting, និងលោក Lester Shum ផងដែរ។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សាយសាធារណៈហុងកុង RTHK

គួរបញ្ជាក់ថាប៉ូលិសហុងកុង បានចាប់ខ្លួនសកម្មជនទាំងនោះ ជុំវិញការចូលរួមក្នុងការបោះឆ្នោត ដែលរៀបចំឡើងដោយឯករាជ្យកាលពីខែកក្កដាឆ្នាំ២០២០ ដើម្បីជ្រើសរើសបេក្ខជន សម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីតិបញ្ញត្ដិ ដែលរដ្ឋាភិបាលទីក្រុងហុងកុង និងទីក្រុងប៉េកាំងបានព្រមាននៅពេលនោះថាវានឹងអាចរំលោភលើច្បាប់ សន្តិសុខជាតិថ្មី។

សូមជម្រាបថាច្បាប់សន្តិសុខជាតិថ្មី ត្រូវបានដាក់លើទីក្រុងហុងកុង ដោយទីក្រុងប៉េកាំង កាលពីខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ដើម្បីទប់ស្កាត់សកម្មភាពផ្ដាច់ទឹកដី, បង្កចលាចល, ភេរវកម្ម និងការគប់គិតជាមួយបរទេសដើម្បីបំផ្លាញសន្តិសុខជាតិ ហើយអ្នកដែលល្មើសនឹងច្បាប់នេះធ្ងន់ធ្ងរអាចនឹងជាប់ពន្ធនាគារអស់មួយជីវិត៕ដោយ៖សតារា


ចែករំលែក៖