ភ្នំពេញ៖ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្ថាបនារួចជាស្ថាពរហើយ និងបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី០៦ខែមករាឆ្នាំ២០២១នេះក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីជា ស៊ីណាឃួង ស្រេង។អញ្ជើញចូលរួមក្នុងឱកាសនោះដែរមានអភិបាលរងរាជធានី អភិបាលខណ្ឌនិងមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។
មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញមានចំនួន៤អគារដែលក្នុងមួយអគារដាក់មនុស្សបាន១២៦នាក់ ដូច្នេះ៤អគារស្មើនឹង៥០៤នាក់ចែកចេញជា៥០៤បន្ទប់ ស្មើនិឹង៥០៤គ្រែ ជាមួយនឹងការបំពាក់កង្ហារ បន្ទប់ទឹក បង្គន់អានាម័យ និងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបានបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនដែលត្រូវធ្វើចត្តាឡីស័កមានភាពងាយស្រួល។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា មណ្ឌលចត្តាឡីស័កនេះ ធ្វើឡើងដើម្បីដាក់អ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរទាំងអស់នោះត្រូវបានចែកជាពីរប្រភេទ ពោលគឺបើអ្នកដំណើរមានលទ្ធភាពគ្រប់គ្រាន់ មានលុយកាក់ច្រើន ពួកគាត់អាចធ្វើចត្តាឡីស័កនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ ។ តែបើអ្នកដំណើរមិនមានលទ្ធភាពគ្រប់គ្រាន់ទេ ពួកគាត់អាចធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីបាន ដោយមណ្ឌលនេះមិនតម្រូវឱ្យមានការបង់ថ្លៃសេវានោះទេ ព្រមទាំងផ្ដល់នូវអាហារហូបចុកក្នុងមួយថ្ងៃ៣ពេល ជាមួយនឹងការធ្វើតេស្តសំណាកដោយមិនអស់ប្រាក់ថែមទៀត។
លោកក៏បានបញ្ជាក់ថា នៅថ្ងៃទី១១ខែមករាខាងមុខនេះ នៅតាមបណ្ដាសាលារៀនទាំងអស់នៅក្នុងរាជធានីភ្នំពេញនឹងបើកបវេសនកាល ចូលរៀនវិញ។ ដូច្នេះសាលាដែលធ្លាប់ជាកន្លែងធ្វើចត្តាឡីស័កត្រូវប្រគល់ទៅឲ្យសាលាវិញ ដើម្បីឲ្យសិស្សានុសិស្សអាចចូលរៀនបាន ។ ចំណែកបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមសាលារៀនទាំងនោះ នឹងត្រូវប្ដូរមកនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនេះ ។
បើតាមរបាយការណ៍របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថាអគារចត្តាឡីស័កនេះមានចំនួន៤អគារ ដែល១អគារមានទទឹង២០ម៉ែត្រ និងបណ្តោយ៤០ម៉ែត្រ មានបន្ទប់ទឹក និងបន្ទប់អនាម័យ ទំហំ ៧ម៉ែត្រ x ២២ម៉ែត្រ ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវលូ ទឹក ភ្លើង ។ក្នុង១អគារមានចំនួន ២១គ្រែ x ៦បន្ទប់ x ៤អគារ ស្មើ ៥០៤គ្រែ បង្អួច១អគារ ទ្វារធំ១អគារ ទ្វារតូច១អគារចំនួន៣២បង្អួច x ៤អគារ = ១២៨បង្អួច ចំនួន ២ x ៤អគារ = ៨ទ្វារ ចំនួន ៣ x ៤អគារ = ១២ទ្វារ ។ កង្ហារ ១អគារចំនួន៦០កង្ហារ x ៤អគារ = ២៤០កង្ហារ ។ កង្ហារបឺតខ្យល់ ១អគារចំនួន ៤កង្ហារ x ៤អគារ = ១៦កង្ខារ បន្ទប់ទឹកអនាម័យ១អគារ ចំនួន ១៥ x ៤អគារ = ៦០បន្ទប់ បន្ទប់ទឹក១អគារ ចំនួន១៥ x ៤អគារ = ៦០បន្ទប់ កញ្ចក់ឆ្លុះមុខ១អគារចំនួន ១៤ x ៤អគារ = ៥៦កញ្ចក់ ឡាវ៉ាបូលាងដៃចំនួន ១៤ x ៤អគារ = ៥៦ឡាវ៉ាបូ ក្រាលកៅស៊ូបាតអគារ និងក្រាលបាតអគារសុខាភិបាលទំហំ ៣,៨៥០ម៉ែត្រ អំពូលភ្លើង១.២ម៉ែត្រ ចំនួន ៥០អំពូល x ៤អគារ = ២០០អំពូល ។អគារសុខាភិបាល ១ ទំហំ ៣៦៥ម៉ែត្រការ៉េ បន្ទប់ទឹកអគារសុខាភិបាលចំនួន២បន្ទប់ បន្ទប់សម្រាប់យកសំណាកចំនួន៤បន្ទប់ បន្ទប់បុគ្គលិកពេទ្យផ្នែកខាងលើចំនួន៥បន្ទប់ អគារសន្តិសុខ១ ៕
ដោយ៖សំរិត