ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលស្រុកលើកដែកឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកលើកដែកឃាត់ខ្លួនកាលពីថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ដោយជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈខាងលើបានកើតឡើងកាលពីថ្ងៃសុក្រ ៣រោច ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ក្នុងចន្លោះវេលាម៉ោង១៨ ទៅម៉ោង ២០និង០០នាទីស្ថិតនៅចំណុច មណ្ឌលវិបស្សនាធុរៈទួលសាលាវគ្គ ក្នុងភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល។

  ជនរងគ្រោះមានអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងស្រុកលើកដែក ខេត្តកណ្តាល ។

  ចំណែកជនសង្ស័យឈ្មោះ ខេង ផល្លី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាប្រហែលជាកន្លះខែមុនជនរងគ្រោះបានឆាតទាក់ទងគ្នាតាមហ្វេសប៊ុកជាមួយជនសង្ស័យ ។លុះមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ វេលាម៉ោងចន្លោះពី១៨និង ០០នាទី ជនសង្ស័យបានឆាតមកជនរងគ្រោះដោយបបួលថាទៅលេងអ្នកលឿង។ ពេលនោះជនរងគ្រោះក៏ព្រមឲ្យជនសង្ស័យមកយកនៅផ្ទះរបស់ខ្លួន។  លុះដល់ម៉ោងប្រហែល១៨និង៣០នាទី ជនសង្ស័យក៏មកដល់ ហើយជនរងគ្រោះក៏ឡើងជិះម៉ូតូជាមួយជនសង្ស័យ។ ពេលទៅដល់មណ្ឌលវិបស្សនាធុរៈទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល ជនសង្ស័យបានឌុបជនរងគ្រោះចូលទៅ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះរហូតបានសម្រេច។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានទុកជនរងគ្រោះចោល រួចបានឡើងជិះម៉ូតូរបស់ខ្លួនគេចខ្លួនបាត់ទៅ ។ លុះមកដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៧និង៣០នាទីម្ដាយរបស់ជនរងគ្រោះបានជជីកដេញដោលសួរជនរងគ្រោះ ហើយជនរងគ្រោះខ្លាចមានផ្ទៃពោះក៏រៀបរាប់រឿងរ៉ាវដែលជនសង្ស័យបានចាប់រំលោភមកលើខ្លួនប្រាប់ទៅម្ដាយ ។ ក្រោយពីទទួលបាននូវរឿងរ៉ាវដែលកូនបានប្រាប់ខាងលើហើយ នៅព្រឹកថ្ងៃទី៣ ខែមករាម្ដាយជនរងគ្រោះបាននាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍រដ្ឋបាលក្អមសំណដើម្បីឱ្យសមត្ថកិច្ចជួយដោះស្រាយ ។ 

ក្រោយពីទទួលបានបណ្ដឹងភ្លាម មន្ត្រីប៉ុស្តិ៍រដ្ឋបាលបានរាយការណ៍ជូនផ្នែកជំនាញ ហើយផ្នែកជំនាញក៏បានចុះមកធ្វើការសាកសួរ និងបន្តការស្រាវជ្រាវ ។

រហូតមកដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១វេលាម៉ោង៩និង៣០នាទីកម្លាំងបានប្រទះឃើញជនសង្ស័យជិះម៉ូតូនៅឃុំខ្ពបអាទាវក៏បានឃាត់ជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋានដើម្បីបន្តនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖