ភ្នំពេញ ៖ ហាងលក់ស៊ុប សាច់អាំង យីហោ ឃូលផាលេស ត្រូវបានអគ្គិភ័យឆាបឆេះ អស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ តែសំណាងល្អមិនបង្កអោយរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬមានរបួសដល់មនុស្សឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៦ កែងផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នគរបាលជំនាញបានអោយដឹងថា ម្ចាស់ទីតាំងមានឈ្មោះ នួន សុគន្ធា ភេទប្រុស អាយុ ៥៣ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុ និងមុខរបរបើកហាង លក់ស៊ុបនិងសាច់អាំង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងនៅមុនពេលកើតហេតុឃើញមានផ្សែងខ្មៅហ៊ុយចេញពីក្នុងបន្ទប់ជាន់ឡៅតឿ ភ្លាមៗស្រាប់តែអណ្ដាតភ្លើងខ្មួលឡើងតែម្ដង ខណៈនោះប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានទាក់ទងទៅការិយាល័យជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ទឹកពន្លត់ តែទោះជាយ៉ាងណាអគ្គិភ័យបានលេបត្របាក់អស់ទាំងស្រុងទៅហើយ ដោយសារតែហាង មានការតុបតែងភាគច្រើនគ្រឿង ជ័រ ជាពិសេសដំបូងជ័របន្ថែមទៀត រួមទាំងតុ កៅអី និងសាឡុងអង្គុយជាដើម ដូច្នះជាហេតុបង្កអោយ មានការឆាបឆេះលឿន មិនងាយគ្រប់គ្រងបានឡើយ និងខូចខាតសម្ភារឆេះអស់ទាំងស្រុង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាជាង៦គ្រឿង បានចេញមកអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់អស់៤គ្រឿង ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយបាញ់ពន្លត់រលត់ជាស្ថាពរ នគរបាលជំនាញបានអោយដឹងថាមូលហេតុកើតឡើង ដោយឆ្លងចរន្តអគ្គិសនី ផលលំបាកនៃការជួយបាញ់ពន្លត់មិនបានទាន់ពេលវេលាដោយ ហាងរៀបចំ តុបតែងដោយគ្រោងដែក ប្រក់ដំបូលជ័រដូច្នេះពេលឆេះ ដល់ដំបូលបង្កជាអណ្ដាតភ្លើង តក់ជាតិជ័រមកក្រោមប៉ះជាមួយតុ កៅអីជ័រ ឆាបឆេះលឿន៕
ដោយ៖រ៉ារ៉ា