ខេត្តមណ្ឌលគិរី៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើពេញព្រៀបគ្មានច្បាប់អនុញ្ញាតត្រូវបានមន្ត្រីជំនាញដែនជម្រកសត្វព្រៃកែវសីមាសហការជាមួយកម្លាំងកងរាជអាវុធហត្ថថ្នាក់ជាតិការពារដែនជម្រកសត្វព្រៃកែវសីមា និងគណៈកម្មការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើកែវសីមាស្ទាក់បង្ក្រាបបានយកទៅរក្សាទុកដើម្បីចាត់ការបន្ត។
ការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី០៨ខែមករាឆ្នាំ២០២១នៅលើដងផ្លូវជាតិស្ថិតក្នុងទីរួមស្រុកកែវសីមា។
រថយន្តដែលកម្លាំងសមត្ថកិច្ចចម្រុះស្ទាក់បង្ក្រាបបានម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ2AA-4225ពណ៌ស្លែមានដឹកឈើគ្រោងទ្វារនិងសន្លឹកទ្វារដោយមានការុងដាក់គ្របពីលើ។ ដោយសមត្ថកិច្ចមានការសង្ស័យថា រថយន្តនេះមានបង្កប់បាវបន្លំដឹកឈើទើបកម្លាំងសមត្ថកិច្ចដេញតាមពីក្រោយឃាត់ពិនិត្យឃើញមានឈើទ្វារនិងឈើសន្លឹកនោះមែន។
រថយន្តខាងលើក្រោយបង្ក្រាបបានក៏នាំយកទៅរក្សាទុកនៅដែនជម្រកសត្វព្រៃកែវសីមាដើម្បីធ្វើការវាស់វែងនិងចាត់ការតាមនិីតិវិធីច្បាប់។ឯម្ចាស់រថយន្តវិញបានដាក់មេប្រូចបាត់ស្រមោលទៅហើយ៕
ដោយ៖ ជីវ័ន្ត