ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនក៏រេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងនិងបង្គោលស្លាកសញ្ញា បណ្តាលឱ្យទ្រេត ហើយរថយន្តបានដាច់កង់មុខទៅមុខលែងរួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ៩និង៤០នាទីព្រឹកថ្ងៃទី១០ ខែ មករា ឆ្នាំ២០២១នៅមុខវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស អត់ស្លាកលេខ តែសរសេរ នៅលើកាងស្លាកលេខ 3A-0560បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះបើកមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវនិងបង្គោលស្លាកសញ្ញាបណ្តាលឱ្យទ្រេត ហើយរថយន្តបានដាច់កង់ជាប់ទៅមុខលែងរួច ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចទំនាក់ទំនងទៅនគរបាលចរាចរណ៍ចុះមកវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕ដោយ៖និន សុភ័ស្ត