ភ្នំពេញ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១
ថ្ងៃចន្ទ ១៣ រោច ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២១។
-សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
-លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និស្សិត យុវជន យុវនារី និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់!
ក្នុងឱកាស ដ៏មានអត្ថន័យនៃការប្រកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស និស្សិតទាំងអស់គ្រប់ភូមិសិក្សាដែលបាននិងកំពុងសស្រាក់សស្រាំរៀបចំខ្លួន ដើម្បីអបអរសាទរ ពិធីនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជារបស់យើង ។
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែល ទើប នឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗ ជាសិស្សានុសិស្ស និស្សិត និងជាកុលបុត្រ កុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា បន្ទាប់ពីបានឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងមកនេះ ទោះបី ក្នុងរូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ ។ ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដ៏ស្មោះចំពោះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងសាលារៀន ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការគាំទ្រ និងផ្តល់នូវការរៀនសូត្រដល់សិស្សានុសិស្ស និស្សិតតាមគ្រប់រូបភាព ក្នុងអំឡុងពេលនៃការប្រយុទ្ធនឹង ជំងឺកូវីដ-១៩។
សូមអានទាំងស្រុងនូវ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១៕
ដោយ៖សុខ ខេមរា