ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាងភ្លើងម្នាក់ធ្លាក់ពីលើដំបូលសំណង់សណ្ឋាគារនិងម៉ាស្សាសូរិយាមាសដោយសារត្រូវចរន្តអគ្គិសនីឆក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជាងភ្លើងម្នាក់បានធ្លាក់ពីលើដំបូលអគារបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងជួយសង្គ្រោះធ្វើចលនាផ្នែកដង្ហើមនិងដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាន់ពេល បន្ទាប់ពីជនរងគ្រោះឡើងតខ្សែភ្លើងបណ្ដាលឱ្យឆក់តែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ស្ថិតនៅសំណង់សណ្ឋាគារ និងម៉ាស្សា សូរិយាមាស មានទីតាំងស្ថិតនៅក្នុងភូមិបាវិត កណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ចាន់ ដែន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិតាហេ ឃុំព្រះឈរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានឡើងលើដំបូលសំណង់សណ្ឋាគារ និងម៉ាស្សា សូរិយាមាសដើម្បីតខ្សែភ្លើង។ក្រោយមកមិនដឹងយ៉ាងម៉េចស្រាប់តែឃើញជនរងគ្រោះធ្លាក់ពីលើដំបូលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងជួយសង្គ្រោះធ្វើចលនានិងដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាន់ពេលវេលា។

សមត្ថកិច្ចក្រុងបាវិតបានបញ្ជាក់ថាមូលហេតុនៃគ្រោះថ្នាក់នេះគឺដោយសារតែត្រូវចរន្តអគ្គិសនីឆក់ទើបបណ្ដាលឱ្យធ្លាក់ពីលើដំបូលបែបនេះ៕ យឹម សុថាន


ចែករំលែក៖