ព័ត៌មានទាន់ហេតុការណ៍៖

លោកគីម ជុងអ៊ុន ទទួលបានការបោះឆ្នោតតែងតាំងធ្វើជាអគ្គលេខាបក្សពលករកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន ទទួលបានការតែងតាំង​ជាអគ្គលេខាបក្សពលករ នៅក្នុងមហាសន្និបាតបក្សលើកទី​៨។ នេះជាតំណែងធំបំផុត​នៅកូរ៉េខាងជើង ។
ក្រោយមេដឹកនាំ គីមជុងអុីល ទទួលមរណភាព​កាលពីឆ្នាំ​២០១១មក គណបក្សពលករបានតែងតាំងលោកជាអគ្គលេខាជារៀងរហូត ចំណែក​លោកគីម ជុងអ៊ុន​កាន់តំណែងជាលេខាទី​១​។ តាមសារព័ត៌មាន​ KCNA ​ មហាសន្និបាតបក្សលើកទី​៨ នឹងបន្តធ្វើឡើងនៅថ្ងៃទី​១១ខែមករានេះ។
នៅក្នុងមហាសន្និបាតលើកទី​៧ កាលពីឆ្នាំ​២០១៦ធ្វើឡើងរយៈពេល​​៤ថ្ងៃ ដោយបញ្ចប់ទៅនៅថ្ងៃទី​៥ខែមករា ។
តាមសារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា នៅក្នុងការបោះឆ្នោតនោះដែរ លោកស្រី Kim Yo-jong ជាប្អូនស្រីគីម ជុងអ៊ុនត្រូវបានតែងតាំងជាសមាជិក គណៈកម្មការនយោបាយ ដែលជាស្ថាប័នមានឥទ្ធិពលនៅកូរ៉េខាងជើង ។
មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ថា សកម្មភាពនយោបាយការបរទេសរបស់ទីក្រុងព្យុងយ៉ាងគឺផ្តោតទៅលើ​ការទប់ស្កាត់អាមេរិក ​ដែលជាប្រទេសបង្កឧបសគ្គជាច្រើនដល់កូរ៉េខាងជើង។ លោកគីម ជុងអ៊ុនបានប្រកាសថា អាមេរិកគឺជាសត្រូវដ៏ធំបំផុតរបស់យើង​ ។
សារព័ត៌មាន KCNA បានផ្សាយថា បើទោះបីអ្នកណាដឹកនាំអាមេរិកក៏គោលនយោបាយប្រឆាំងកូរ៉េខាងជើងមិនមានការផ្លាស់ប្តូរនោះដែរ ។ លោក គីម បន្តទៀតថា នឹងបន្តសកម្មភាព​បរមាណូ​ដើម្បីការពាររាល់ការវាយប្រហារណាមួយ ពីសត្រូវ៕

ដោយ៖ធី រីណា(រូបភាព៖Yonhap)


ចែករំលែក៖